CGCC

ស្វែងយល់អំពីការធានាឥណទាន “កិច្ចសម្ភាសន៍ជាមួយធនាគារ ស្ថាបនា”

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា

១. តើធនាគារស្ថាបនាមានការយល់ឃើញដូចម្តេចចំពោះគម្រោងធានាឥណទាន នៅកម្ពុជា និងហេតុអ្វីបានជាធនាគារចូលរួមជាមួយ CGCC ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម?

គម្រោងធានាឥណទានមានសារៈសំខាន់ក្នុងការបំពេញគម្លាតហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ គម្រោងនេះក៏ផ្តល់នូវការកាត់បន្ថយហានិភ័យឥណទានដល់ធនាគារ ស្ថាបនា។ ដូច្នេះហើយ គម្រោងនេះជួយយើងក្នុងការពង្រីកការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយក្នុងការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងណាស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការផ្តល់ជូនឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។

 

២. បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមធានាឥណទានជាមួយ CGCC និងកំពុងក្លាយជា PFI ដែលផ្តល់កម្ចីដែលមានការធានាច្រើនជាងគេមួយរបស់ CGCC តើធនាគារស្ថាបនាយល់ឃើញថា គម្រោងធានាឥណទានបានផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះចំពោះធនាគារ និងអតិថិជន?

ភាគច្រើននៃផលិតផលប្រាក់កម្ចីនៅក្នុងប្រទេសកម្ពុជា គឺជាប្រាក់កម្ចីដែលមានទ្រព្យធានា។ យើងបានសង្កេតឃើញថាការសហការជាមួយ CGCC គឺជាឱកាសដ៏ល្អសម្រាប់ធនាគារ ក្នុងការពង្រីកការគាំទ្រដល់អតិថិជនរបស់យើងដែលត្រូវការថវិកាដើម្បីយកទៅអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើនដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។ គម្រោងនេះអនុញ្ញាតឱ្យយើងបង្កើត និងផ្តល់ប្រាក់កម្ចីដោយមិនតម្រូវឲ្យសម្រាប់ម្ចាស់អាជីវកម្មដាក់ទ្រព្យធានា (ប្លង់រឹង) ។ ធនាគារ ស្ថាបនា មានមោទនភាពណាស់ដែលបានក្លាយជាធនាគារដំបូងគេក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងនេះ។ គិតត្រឹមខែកញ្ញា ឆ្នាំ 2022 ប្រាក់កម្ចីជាង 12 លានដុល្លារអាមេរិកត្រូវបានផ្តល់ក្រោមគម្រោងធានាឥណទាន។ សម្រាប់អតិថិជនរបស់យើង គម្រោងនេះនឹងផ្តល់ឱ្យពួកគាត់នូវឱកាស ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេជាមួយនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែទូលំទូលាយ។

 

៣. តើអ្វីទៅដែលជំរុញឱ្យធនាគារស្ថាបនាផ្តួចផ្តើមនូវផលិតផលឥណទានដែលមិនចាំបាច់មានទ្រព្យបញ្ចាំ ដែលហៅថា “កម្មវិធីឥណទានទូទាត់អាជីវកម្ម” សម្រាប់អតិថិជនដែលមានលទ្ធភាពសងតែខ្វះទ្រព្យបញ្ចំា?

នៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើន បានផ្តល់ប្រាក់កម្ចីដោយផ្អែកទៅលើទ្រព្យបញ្ចាំជាពិសេសប្លង់រឹង។  លទ្ធភាពនៃការទទួលបានឥណទាន នឹងត្រូវបានកាត់បន្ថយ សម្រាប់ម្ចាស់អាជីវកម្មដែលមិនមានបង្ល់រឹង ដាក់បញ្ចាំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាកម្ចី​ ដែលយើងជឿជាក់ថានេះ គឺជាផ្នែកមួយដ៏ធំនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ដូចនេះ គោលដៅរបស់យើង គឺដើម្បីជួយពួកគាត់ឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្មពួកគាត់ឲ្យកាន់តែមានភាពរីកចម្រើន ស្របគ្នានេះដែរ ធនាគារក៏បាន និងកំពុងគ្រប់គ្រងទៅលើហានិភ័យឥណទានផងដែរ។

 

៤. ថ្មីៗនេះ CGCC ធនាគារស្ថាបនា និងដៃគូចំនួន២ស្ថាប័នទៀត បានសហការរួមគ្នា ក្នុងការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ”។ តើកម្មវិធីនេះគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម និងអាចលើកកម្ពស់ដល់ការអភិវឌ្ឍរបស់អាជីវកម្ម រួមជាមួយនឹងការទទួលបានកម្ចី យ៉ាងដូចម្តេចខ្លះ?

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” គឺជាកម្មវិធីមួយដែលផ្តួចផ្តើមដោយធនាគារ ស្ថាបនា និង  រួមសហការជាមួយ CGCC និងដៃគូពីរផ្សេងទៀត។ កម្មវិធីបណ្តុះបណ្តាលនេះ គឺបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី និងម្ចាស់អាជីវកម្មតាមរយៈវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលមានកម្មវិធីសិក្សាដូចជា៖ ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងការលក់។ តាមរយៈ កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ”  សិក្ខាកាមត្រូវបានផ្តល់ជូននូវការធ្វើការវាយតម្លៃហិរញ្ញវត្ថុ និងចំណេះដឹងក្នុងការទទួលបានហិរញ្ញប្បទាន។

 

៥​. ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ ធនាគារស្ថាបនាបាននិងកំពុងតែបន្តបញ្ចេញឥណទានដែលគ្មានទ្រព្យបញ្ចាំក្រោមការធានាពី CGCC ដល់អាជីវកម្ម កាន់តែច្រើន និងមានសន្ទុះយ៉ាងលឿន ដូច្នេះចង់ដឹងថា តើធនាគារស្ថាបនាមានយុទ្ធសាស្រ្តឬផែនការដូចម្តេច ដើម្បីបង្កើនការប្រើប្រាស់ការធានាឥណទានឱ្យកាន់តែច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា?

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យទេសចរណ៍ឱ្យងើបឡើងវិញពីជំងឺរាតត្បាត យើងកំពុងតែធ្វើការលើកម្មវិធីមួយជាមួយ CGCC ដើម្បីគាំទ្រដល់គម្រោងការស្តារឡើងវិញ។ បន្ថែមពីលើកម្មវិធីនេះ យើងកំពុងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីគាំទ្រអតិថិជននៅតាមបណ្តាខេត្តនានា តាមរយៈបណ្តាញសាខាដ៏ធំទូលាយរបស់យើង។

 

៦. ដោយសារតែប្រធានបទនៃការធានាឥណទាននៅតែជារឿងថ្មីនៅឡើយសម្រាប់កម្ពុជា តើធនាគារស្ថាបនា និង CGCC គួរតែបន្តធ្វើអ្វីខ្លះទៀត ដើម្បីលើកកម្ពស់ការយល់ដឹងនៃការធានាឥណទានសម្រាប់អតិថិជន?

តាមរយៈ កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ”  ធនាគារ ស្ថាបនា និង CGCC កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់អតិថិជនដែលត្រូវការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយនេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមផ្សេងទៀត ដែលយើងកំពុងធ្វើការរួមគ្នាដើម្បីបង្កើនការយល់ដឹងបន្ថែម និងការផ្សព្វផ្សាយអំពីការធានាឥណទានដល់អតិថិជនរបស់យើងដែលកំពុងស្វែងរកហិរញ្ញប្បទាន សម្រាប់អតិថិជនដែលមិនច្បាស់ អំពីរបៀប និងជម្រើសរបស់ពួកគាត់។ ទន្ទឹមនឹងនេះ យើងអាចបង្កើតនូវវិធីផ្សព្វផ្សាយ និងទំនាក់ទំនងស្តីអំពីអត្ថប្រយោជន៍នៃកម្មវិធី និងកម្មវិធីឥណទានទូទាត់អាជីវកម្ម “BIL” របស់យើងដើម្បីបំពេញតម្រូវការរបស់អតិថិជនទៅតាមវិស័យ និងទីតាំងភូមិសាស្រ្តផ្សេងៗគ្នា។

ស្វែងយល់ពីការធានាឥណទាន តាមរយៈកិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា

អាននិងទាញយកជា PDF: កិច្ចសម្ភាសន៍ជាមួយធនាគារកាណាឌីយ៉ា 

→​ ក្នុងនាមជាធនាគារមួយក្នុងចំណោមធនាគារដំបូងគេ ដែលបានក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់CGCC, តើកត្តាអ្វីខ្លះដែលជំរុញឱ្យធនាគារកាណាឌីយ៉ា ប្រើប្រាស់គម្រោងធានាឥណទាន ជាមួយនឹងផលិតផលឥណទានរបស់ធនាគារដែលមានស្រាប់?

កត្តាចំបងមួយដែលជម្រុញឲ្យយើងប្រើប្រាស់គម្រោងធានាឥណទាន​ ព្រោះយើងជឿជាក់ថា គម្រោងធានាឥណទានរបស់ CGCC អាចជួយដល់ម្ចាស់អាជីវកម្មសក្តានុពលដែលមានតម្រូវការកម្ចី ដើម្បីប្រើប្រាស់ក្នុងអាជីវកម្មគាត់ ប៉ុន្តែគាត់មិនមានទ្រព្យធានាកម្ចីគ្រប់គ្រាន់ មានលទ្ធភាពទទួលបានឥណទានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុអាជីវកម្មរបស់ខ្លួន ជាពិសេសក្នុងការស្តារ និង ពង្រីកអាជីវកម្ម ក្រោយពីវិបត្តិជម្ងឺកូវីដ បានធូរស្រាល ។

 

→ បន្ទាប់ពីបានប្រើប្រាស់គម្រាងធានាឥណទានរបស់CGCC​ ជាងមួយឆ្នាំមក តើធនាគារកាណាឌីយ៉ាយល់ថា គម្រោងធានាឥណទានបានជួយគាំទ្រទៅដល់ធនាគារ និងអតិថិជនរបស់ធនាគារកាណាឌីយ៉ា យ៉ាងដូចម្តេចខ្លះ?

យើងបានផ្តល់ឥណទានក្រោមគម្រោងធានាឥណទាន របស់ CGCC ជូនអតិថិជនច្រើនជាង ២០០ នាក់ ជាមួយទំហំឥណទានសរុបជិត ២០លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយឆ្នាំនេះ។ តាមរយៈឥណទានទាំងនេះ អតិថិជនបានកំពុងប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មរបស់គាត់ក្ នងវិស័យផ្សេងៗ ដែលបានបង្កើតការងារជូនប្រជាជន និង​ រួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ។

 

→ ថ្មីៗនេះ ធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ ផលិតផល និងគម្រោង ដើម្បីគាំទ្រដល់សហគ្រិនស្រ្តី រួមមាន ឥណទានសហគ្រិនស្រ្តីវៃឆ្លាត និងគម្រោងធានាសម្រាប់សហគ្រិនស្រ្តី។ តើធនាគារយល់ឃើញថា ផលិតផល និងគម្រោងទាំង២នេះ មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ក្នុងការគាំទ្រដល់សហគ្រិនស្រ្តីឱ្យទទួលបានកម្ចី ទោះបីខ្វះទ្រព្យបញ្ចាំ ក៏ដូចជាដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ?

ឥណទានសហគ្រិនស្ត្រី និង គម្រោងធានាសម្រាប់សហគ្រិន កំពុងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យសហគ្រិនស្ត្រីទទួលបានឥណទានសមស្របតាមតម្រូវការអាជីវកម្មរបស់ពួកគាត់ ជៀសវាងការស្វែងរកកម្ចីដែលមានថ្លៃដើមខ្ពស់ និង ប្រកបដោយហានិភ័យ ។ តាមរយៈគម្រោងទាំងពីរខាងលើ សហគ្រិនស្ត្រីមិនត្រឹមតែមានលទ្ធភាពទទួលបានឥណទានតាមតម្រូវការរបស់ខ្លួន និង ងាយស្រួលជាងមុនទេ ប៉ុន្តែបានកាត់បន្ថយថ្លៃដើមផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន ជាពិសេសក្នុងឆ្នាំទី ១ ដែលរួមមានអត្រាការប្រាក់ទាប ថ្លៃសេវាឥណទានត្រូវបានកាត់បន្ថយផងដែរ។ លើសពីនេះទៅទៀត សហគ្រិនស្ត្រីនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនតាមរយៈ កញ្ចប់ឥណទានស្រ្តីវៃឆ្លាត ពីធនាគារកាណាឌីយ៉ា ។

 

→ សព្វថ្ងៃនេះ ធនាគារកាណាឌីយ៉ា គឺជាធនាគារដែលបានបញ្ចេញឥណទានដែលមានការធានាក្រោមគម្រាងធានាឥណទានរបស់CGCCបានច្រើនជាងគេ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់CGCCដទៃទៀត។ តើធនាគារកាណាឌីយ៉ា មានយុទ្ធសាស្រ្តយ៉ាងណា ក្នុងការបន្តពង្រីកការប្រើប្រាស់ គម្រោងធានាឥណទាន ជាពិសេសទៅកាន់តំបន់ជនបទ?

យើងបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយដល់អតិថិជនគោលដៅរបស់យើង ជាពិសេសអតិថិជនដែលមានអាជីវកម្មសក្តានុពល តែពុំមានទ្រព្យធានាគ្រប់គ្រាន់ សម្រាប់ធានាឥណទាន។ យើងក៏នឹងបន្តភ្ជាប់គម្រោងធានាឥណទាន ជាមួយនឹងគម្រោងផលិតផលថ្មីៗទៀតរបស់យើង ដើម្បីផ្តល់ជម្រើសកាន់តែសម្បូរបែប សម្រាប់អតិថិជន ។

 

→ ដោយសារតែប្រធានបទការធានាឥណទាន ជាប្រធានបទមួយថ្មីនៅកម្ពុជា តើធនាគារកាណាឌីយ៉ា និងសាជីវកម្មធានាឥណទានកម្ពុជា គួរតែធ្វើអ្វីបន្ថែម ដើម្បីលើកកម្ពស់ការយល់ដឹងពីការធានាឥណទាន ទៅកាន់អ្នកស្នើសុំកម្ចី?

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធានាឥណទាន យើងគួរបន្តការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ជាពិសេសម្ចាស់អាជីវកម្មនានា តាមរយៈបណ្តាញសង្គម សិក្ខាសាលា សមាគមអាជីវករ ។ល។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ ក្រុមហ៊ុនធានារ៉ាប់រង Manulife & សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលវគ្គទី២នេះធ្វើទ្បើងពីថ្ងៃទី ០៨ – ០៩ & ១៥ – ១៦ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្រ្តី។

សហគ្រិន និងម្ចាស់អាជីវកម្មសរុបជាង៣០រូប បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គទី២នេះ ហើយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ហើយពួកគាត់ក៏ទទួលបានឱកាសសិក្សាទៅលើភាពជាសហគ្រិន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ការសិក្សាលើកម្ចីឥណទានជាមួយធនាគារ និងជ្រើសរើសកម្ចីដែលស័ក្ដិសម​សម្រាប់​អាជីវកម្ម ។

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការទទួលបាននូវបណ្តាញពាណិជ្ជកម្មដែលអាចជំរុញដល់ការរីកចម្រើនអាជីវកម្មរបស់សហគ្រិន។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២
CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី១

កម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមពីធនាគារ ស្ថាបនា សហការឧបត្ថម្ភដោយ សហគ្រិនខ្មែរ ក្រុមហ៊ុនធានារ៉ាប់រង Manulife & សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលវគ្គដំបូងនេះធ្វើទ្បើងពីថ្ងៃទី 3-4 & 10-11 កញ្ញា ឆ្នាំ2022 ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រិនស្រ្តី។

សហគ្រិន និងម្ចាស់អាជីវកម្មសរុបជាង៣០រូប បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គដំបូងនេះ ហើយពួកគាត់បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើផ្នែកហិរញ្ញវត្ថុ ហើយពួកគាត់ក៏ទទួលបានឱកាសសិក្សាទៅលើភាពជាសហគ្រិន ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ការសិក្សាលើកម្ចីឥណទានជាមួយធនាគារ និងជ្រើសរើសកម្ចីដែលស័ក្ដិសម​សម្រាប់​អាជីវកម្ម ។

កម្មវិធីបណ្តុះបណ្តាល “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដើម្បីផ្តល់នូវជំនាញ និងបទពិសោធន៍ជាក់ស្តែងទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការទទួលបាននូវបណ្តាញពាណិជ្ជកម្មដែលអាចជំរុញដល់ការរីកចម្រើនអាជីវកម្មរបស់សហគ្រិន។

CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី១
CGCC supports the accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” first cohort
CGCC supports the accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” first cohort
CGCC supports the accelerating SMEs’ Financial Literacy through the “I’m Financially Literate Program” first cohort

Click here to read more about: CGCC គាំទ្រការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាលស្តីពី “ខ្ញុំមានចំណេះដឹងហិរញ្ញវត្ថុ” វគ្គទី២