CGCC

អត្ថបទស្វែងយល់ពីគម្រោងធានាឥណទានជាកញ្ចប់របស់ CGCC

គិតមកទល់ពេលនេះ មានរយៈពេល២ឆ្នាំហើយដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈ ជាលើកដំបូងបង្អល់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហៅថា គម្រោងធានាឥណទានដើម្បីស្តារជាអាជីវកម្ម (BRGS) ស្របពេលកម្ពុជាកំពុងប្រឈមមុខខ្ពស់បំផុតនឹងជម្ងឺកូវីដ-១៩។ ភ្លាមៗបន្ទាប់ពីការដាក់ឱ្យដំណើរការគម្រោង BRGS ប្រទេសកម្ពុជាត្រូវបានបិទខ្ទប់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ក្នុងស្ថានភាពនេះ តម្រូវការនៃការធានាឥណទានមានភាពចាំបាច់កាន់តែខ្លាំង នៅពេលក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពលជួបការលំបាកក្នុងការទទួលបានឥណទាន ដើម្បីទ្រទ្រង់អាជីវកម្មឱ្យឈរជើងបាន។​ តាមរយៈនេះ គម្រោងធានាឥណទានចំនួន ២ទៀត ត្រូវបានដាក់ឱ្យដំណើរការ រួមមាន គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) និង គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី (WEGS)។ គម្រោង BRGS, CFGS, និង WEGS គឺជាគម្រោងធានាឥណទានឯកត្តឥណទាន (IGS) មានន័យថា PFI ត្រូវស្នើសុំការអនុម័តលើការធានាឥណទានមួយ សម្រាប់កម្ចីមួយ មុនពេលបញ្ចេញកម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្មដែលជាអ្នកខ្ចី។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ CGCC បានសម្រេចសមិទ្ធផលថ្មីមួយទៀត គឺការដាក់ឱ្យដំណើរការគម្រោងធានាឥណទានជាកញ្ចប់ (PGS) ក្រោយពីទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់បំផុតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ PGS គឺជាគម្រោងធានាឥណទានដែល CGCC និង PFI ត្រូវព្រមព្រៀងគ្នាលើលក្ខខណ្ឌកម្ចីដែលមានការធានាជាមុន ដោយអនុញ្ញាតឱ្យ PFI អាចដាក់កម្ចីច្រើន ដើម្បីទទួលបានការធានា ក្រោមគម្រោង PGS ដោយមិនចាំបាច់ស្នើសុំការអនុម័តពី CGCC លើការធានាលើកម្ចីម្តងមួយៗ មុនពេលបញ្ចេញកម្ចីទាំងនោះទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ដូច្នេះ ប្រៀបធៀបនឹងគម្រោង IGS, PGS អនុញ្ញាតឱ្យមានការបញ្ចេញឥណទានដែលមានការធានា បានលឿន និងងាយស្រួលជាងមុន។

អានបន្ត៖ ស្វែងយល់ពីគម្រោងធានាឥណទានជាកញ្ចប់របស់ CGCC

គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម

អាននិងទាញយកអត្ថបទជា PDF: គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME

អាជីវកម្មជោគជ័យ និងមានការអភិវឌ្ឍយូរអង្វែង មិនអាចខ្វះនូវរបាយការណ៍ហិរញ្ញវត្ថុស្តង់ដាបាន ទេ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនភាគច្រើននៅប្រទេសកម្ពុជា ជាពិសេស សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យមានលក្ខណៈស្តង់ដា និងអាចជឿទុកចិត្តបាននោះទេ។ កត្តានេះ បានក្លាយជាបញ្ហាប្រឈមសម្រាប់ MSMEs ក្នុងការអភិវឌ្ឍខ្លួនឱ្យបានវែងឆ្ងាយ ទៅជាក្រុមហ៊ុនអាជីវកម្មស្តង់ដា និងបានបន្ទុចបង្អាក់ដល់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs។

របាយការណ៍ហិរញ្ញវត្ថុ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ ធនាគារ និងវិនិយោគិន ក្នុងការសម្រេចចិត្តផ្តល់ឥណទាន ឬផ្តល់ទុនវិនិយោគដល់ក្រុមហ៊ុនអាជីវកម្ម។ លើសពីនេះ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ដំណើរការ និងការគ្រប់គ្រងអាជីវកម្ម ដូចជា ជំនួយក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការគ្រប់គ្រងបំណុល និងការគ្រប់គ្រងទុនបង្វិល ជាដើម។

អានបន្ត៖ គន្លឹះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ SME