រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការរៀបចំសិក្ខាសាលាស្តីពី “សក្តានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និង លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមអាជីវកម្ម និងម្ចាស់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម សរុបជាង ១០០នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សាអំពីការជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកអំពីការផ្តល់កម្ចីដែលមានការធានា និងបទពិសោធន៍របស់ម្ចាស់អាជីវកម្មក្នុងការទទួលបានកម្ចីដែលមានការធានាផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលានាថ្ងៃនេះ ដែលមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីយន្តការធានាឥណទាន តាមរយៈការចែករំលែកបទពិសោធន៍ល្អៗ និងបំផុសគំនិតថ្មីៗពីភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ៖ “រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ដែលមានរយៈពេលជាងមួយឆ្នាំហើយ ដោយគិតមកត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២២ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រលើការបញ្ចេញកម្ចីថ្មីៗចំនួនប្រមាណ ៥៧លានដុល្លារ ជូនដល់ក្រុមហ៊ុនអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ ទោះបីជា ៥៧លានដុល្លារនេះ គឺជាចំនួនតិចតួចនៅឡើយ ប៉ុន្តែវាជាការចាប់ផ្តើមនៃការផ្លាស់ប្តូរទម្លាប់នៃការផ្តល់កម្ចី ដោយមិនផ្អែកលើទ្រព្យបញ្ចាំ នៅក្នុងទីផ្សារឥណទានរបស់ប្រទេសកម្ពុជា។”
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ៖ “ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។ ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន។”
លោក Wong Keet Loong អគ្គនាយក CGCC បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុរបស់ CGCC ដែលតែងតែផ្តល់នូវអនុសាសន៍ជាយុទ្ធសាស្ត្រដល់ CGCC ក្នុងការបង្កើនការធានាឥណទាន ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយអន្តរាគមន៍ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។ លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ចាប់ពីដើមត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ CGCC បានពង្រីកការធានាឥណទានទៅកាន់ទូទាំងប្រទេស សូម្បីតែនៅក្នុងខេត្តដាច់ស្រយាលក៏ដោយ ដោយសារតែមានបណ្តាញសាខាដ៏ទូលំទូលាយរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC នៅទូទាំងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏ CGCCនៅតែត្រូវធ្វើបន្ថែមទៀត ដើម្បីធានាថាបរិយាបន្នហិរញ្ញវត្ថុ កាន់តែត្រូវបានលើកកម្ពស់សម្រាប់ជាប្រយោជន៍ដល់ក្រុមហ៊ុនអាជីវកម្មពាសពេញប្រទេស”។
តាមរយៈសិក្ខាសាលានេះ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC រួមមាន ធនាគារកាណាឌីយ៉ា និង ធនាគារស្ថាបនា បានបង្ហាញអំពីការយល់ឃើញដូចគ្នាអំពីភាពចាំបាច់នៃការធានាឥណទាន ដែលអាចគាំទ្រដល់ធនាគារ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសអាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។ បន្ថែមពីនេះ តំណាងធនាគារទាំងពីរ ក៏បានចែករំលែកអំពីយុទ្ធសាស្រ្តនៃការផ្តល់កម្ចីដែលមានការធានា ក៏ដូចជានីតិវិធីនៃការដាក់ស្នើកម្ចីពីធនាគារ ជូនអង្គសិក្ខាសាលា ដើម្បីបានយល់កាន់តែច្បាស់អំពីលក្ខខណ្ឌ និងការរៀបចំខ្លួនក្នុងការទទួលបានកម្ចី ប្រកបដោយប្រសិទ្ធភាព។
តំណាង ២រូប របស់សហគ្រិនដែលជាម្ចាស់អាជីវកម្ម ក៏បានចែករំលែកអំពីបទពិសោធន៍ជាក់ស្តែង ក្នុងការស្នើសុំ និងទទួលបានកម្ចីដែលមានការធានាពី CGCC តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ផងដែរ។ ការធានាឥណទាន បានជួយអ្នកទាំងពីរ ដែលមិនមានទ្រព្យបញ្ចាំ ឱ្យអាចទទួលបានកម្ចីតាមតម្រូវការដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម។
លើសពីនេះ តំណាងភាគីពាក់ព័ន្ធ រួមមាន ពីរាជរដ្ឋាភិបាល (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីនិយ័តករ (តំណាងធនាគារជាតិនៃកម្ពុជា) ពីស្ថាប័នផ្តល់កម្ចី (តំណាងធនាគារមេយប៊ែងកម្ពុជា) ពីក្រុមហ៊ុនអាជីវកម្ម (តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា) និងពីស្ថាប័នធានាឥណទាន (តំណាង CGCC) បានចូលរួមជជែកវែកញែក អំពី “តួនាទីនៃការធានាឥណទាន ក្នុងការអភិវឌ្ឍវិស័យធនាគារ និងអាជីវកម្ម” ដោយផ្តោតសំខាន់លើបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់កម្ចីដែលមានការធានា ជូនដល់ក្រុមហ៊ុនអាជីវកម្មឱ្យបានកាន់តែទូលំទូលាយ សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូចនិងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
CGCC ផ្តល់ការធានាឥណទានលើកម្ចី ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។ CGCC ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ សូមទាក់ទង CGCC តាមរយៈលេខទូរសព្ទលេខ ០២៣ ៧២២ ១២៣ ឬ ០១៦ ២៤២ ០៣៣ ឬតាមរយៈគេហទំព័រ www.cgcc.com.kh។ សូមអរគុណ៕
ព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២