CGCC

ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៖ ការដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ និងកម្មវិធីកសាងសមត្ថភាព និងជំនាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង សហការជាមួយ គម្រោង Feed the Future Cambodia Harvest III (គម្រោងហាវែស III) ក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ (USAID) បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របសម្រាប់ការនាំចេញ ក្នុងគោលបំណងលើកស្ទួយសហគ្រាសធុនតូន និងមធ្យមក្នុងស្រុក ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ក៏ត្រូវបានដាក់បញ្ចូល គម្រោងធានាឥណទាន និងកម្មវិធីកសាងសមត្ថភាព និងជំនាញ សម្រាប់សហគ្រាសធុនតូន និងមធ្យម ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារ មេយប៊ែង ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក លើឆាកអន្តរជាតិ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងវត្តមានរបស់ប្រទេសកម្ពុជា លើទីផ្សារអន្តរជាតិ។ ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលមានដូចជា កម្ចីសម្រាប់ជាទុន ហិរញ្ញប្បទានសម្រាប់ការនាំចេញ ទីផ្សាររូបិយប័ណ្ណបរទេសចំនួន២១ប្រភេទដែលមានអត្រាប្រកួតប្រជែង ដំណោះស្រាយផ្ទេរ និងទទួលប្រាក់ និងសេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ដែលសុទ្ធសឹងតែជាដំណោះស្រាយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំនះឧបសគ្គផ្នែកហិរញ្ញវត្ថុ និងបន្តកំណើន លើទីផ្សារអន្តរជាតិ។ ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏សមស្របសម្រាប់ឱ្យពួកគេពង្រីកប្រតិបត្តិការ បង្កើនប្រាក់ចំណូល និងធានាការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។​

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ «កម្មវិធីហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ គឺជាដំណោះស្រាយយ៉ាងសំខាន់សម្រាប់សហគ្រាសក្នុងស្រុក ដែលមានគោលបំណងពង្រីកការនាំចេញរបស់ខ្លួន ទាំងទៅកាន់ទីផ្សារអន្តរជាតិដែលខ្លួនកំពុងមានវត្តមានស្រាប់ ឬទៅកាន់ទីផ្សារអន្តរជាតិថ្មី។ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជម្នះឧបសគ្គលើផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូចម្រុះភាគីនេះនឹងចូលរួមជំរុញកំណើនអាជីវកម្មបុគ្គល ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយ»។

«សហគ្រាសធុនតូច និងមធ្យម ប្រៀបបានដូចជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ហើយតាមរយៈការជួយគាំទ្រពួកគេ ដើម្បីឱ្យទទួលបានជោគជ័យក្នុងទីផ្សារនាំចេញ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកក្នុងការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងជំហររបស់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន និងទីផ្សារសាកល។ គំនិតផ្តួចផ្តើមនេះក៏បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងនាមជាធនាគារអាស៊ានឆ្នើមជាងគេនៅប្រទេសកម្ពុជា និងឈានមុខគេក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់»។

ស្របតាមបេសកកម្មរបស់ គម្រោងហាវែស III ដែលជាគម្រោងរយៈពេលប្រាំឆ្នាំ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តោតលើការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្នក្នុងវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះនឹងគាំទ្រដល់ការធ្វើពិពិធកម្ម ការអភិវឌ្ឍភាពធន់ និងការប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ តាមរយៈការចូលរួមសហការពីដៃគូក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោក នីមីស ហ្សាវឺរី ប្រធានគម្រោងហាវែស III មានប្រសាសន៍ថា «ជាមួយនឹងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មថ្មីនេះ យើងអាចផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យមនូវដើមទុនចាំបាច់ដើម្បីគ្រប់គ្រងចំណាយផលិតកម្ម វិនិយោគលើការបង្កើនគុណភាព និងបំពេញតម្រូវការបញ្ជាទិញពីអន្តរជាតិ។ ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់សម្រាប់សហគ្រាសក្នុងស្រុកទាំងនេះ ព្រោះវាមិនត្រឹមតែជួយផ្សាភ្ជាប់គម្លាតលំហូរសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព ដោយជួយសម្រួលដល់ការឆ្លើយតបទៅនឹងតម្រូវការទាន់ពេលវេលា ក៏ដូចជាពង្រីកទីផ្សារនាំចេញរបស់ពួកគេ។ ទាំងអស់គ្នា យើងអាចធានាថាសហគ្រាសទាំងនេះមិនត្រឹមតែមានធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារជាសាកល។ ភាពជាដៃគូនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា»។

រួមជាមួយនឹងហិរញ្ញប្បទានសម្រាប់សហគ្រិននាំចេញ ធនាគារ មេយប៊ែង CGCC និង គម្រោងហាវែស III ក៏បានប្រកាស ”កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៤ និងឆ្នាំ២០២៥” ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដល់សហគ្រាសធុនតូច និងមធ្យម។ ចាប់តាំងពីការបង្កើតកម្មវិធីនេះឡើងក្នុងឆ្នាំ ២០២១ កម្មវិធី BCC បានផ្តល់ការបណ្តុះបណ្តាលដល់សហគ្រាសធុនតូច និងមធ្យមរាប់រយនាក់ លើមូលដ្ឋានគ្រឹះក្នុងការធ្វើអាជីវកម្ម បច្ចេកទេស និងបច្ចេកវិទ្យាទំនើបផ្សេងៗក្នុងការគ្រប់គ្រងអាជីវកម្ម។ ដោយផ្អែកលើភាពជោគជ័យរបស់កម្មវិធីនេះ កម្មវិធី BCC ថ្មីនេះនឹងផ្តល់វគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ដែលទាក់ទងនឹង ដំណោះស្រាយហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្ត ដែលផ្តល់ដោយអ្នកជំនាញដែលមានបទពិសោធជាច្រើនឆ្នាំក្នុងផ្នែកគណនេយ្យ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាដើម។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសហគ្រិន នូវការយល់ដឹង បទពិសោធជាក់ស្តែង និងជំនាញដែលចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ក៏ដូចជាបង្កើនសក្តានុពលនៃកំណើនអាជីវកម្មរបស់ពួកគេ។

លោក ណូ លីដា អគ្គនាយក CGCC មានប្រសាសន៍ថា៖ «កម្មវិធី BCC ផ្តល់ជូនសហគ្រិន និងម្ចាស់អាជីវកម្មនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលគាំទ្រពួកគាត់ឱ្យទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម។ តាមរយៈកម្មវិធីនេះ យើងអាចគាំទ្រពួកគាត់ ក្នុងការបង្កើនចំណេះដឹងហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។ កម្មវិធីនេះ គឺជាជំហានដ៏សំខាន់ ស្របតាមចក្ខុវិស័យរួមគ្នារបស់យើងក្នុងការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ប្រកបដោយភាពធន់ និងថាមវន្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះ គំនិតផ្តួចផ្តើមនេះ ត្រូវបានគាំទ្រដោយ គម្រោងធានាឥណទាន របស់ CGCC ដែលផ្តល់នូវដំណោះស្រាយ ចំពោះបញ្ហាខ្វះទ្រព្យធានា ដែលជាបញ្ហាប្រឈមចម្បងមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តាមរយៈការបន្ធូរបន្ថយតម្រូវការទ្រព្យធានា យើងអាចចូលរួមបង្កើនលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញប្បទាន ដែលអនុញ្ញាតឱ្យពួកគាត់ ទទួលបានទុនចាំបាច់ សម្រាប់កំណើនអាជីវកម្មប្រកបដោយចីរភាព»។

កិច្ចសហប្រតិបត្តិការរវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC បាននិងកំពុងកសាងប្រព័ន្ធអេកូដ៏រឹងមាំសម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា ដើម្បីឱ្យពួកគេរីកចម្រើនទាំងនៅក្នុងទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ។ តាមរយៈគំនិតផ្តួចផ្តើមដ៏ចាំបាច់ទាំងនេះ ដែលរួមមាន៖ ដំណោះស្រាយហិរញ្ញវត្ថុ កម្មវិធីពង្រឹងសមត្ថភាព និងការកាត់បន្ថយតម្រូវការទ្រព្យធានាតាមរយៈយន្តការធានាឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបាននូវធនធានគ្រប់គ្រាន់ ក៏ដូចជាចំណេះដឹង និងទំនុកចិត្ត ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងឈានទៅរកការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

ភាពជាដៃគូជាយុទ្ធសាស្រ្តដ៏រឹងមាំនេះ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការគាំទ្រ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពធន់ បរិយាបន្ន និងការតភ្ជាប់ជាសកល។ គំនិតផ្តួចផ្តើមរួមគ្នារវាង ធនាគារ មេយប៊ែង គម្រោងហាវែស III និងCGCC នឹងរួមចំណែកជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍរិស័យធុរកិច្ចកម្ពុជា ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកកម្ពស់វត្តមានរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើប

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅ ក្រសួងកសិកម្ម។

ដោយគូសបញ្ជាក់ខ្លឹមសារនៃ MoU នេះ លោក ឌិត ទីណា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការថ្មីនេះនឹងមានការផលិតដោយផ្អែកលើតម្រូវការទីផ្សារ គុណភាពល្អ កាត់បន្ថយថ្លៃដើមផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច។

លោក ឌិត ទីណា បានបន្តថា ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបគឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងដើរតួជាខែលដ៏រឹងមាំក្នុងការជួយកសិករដែលខ្វះបច្ចេកវិទ្យា បញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ខ្វះឥណទាន និងបញ្ហាប្រឈមនឹងហានិភ័យទីផ្សារ។

កសិករដែលស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្មទំនើបនឹងទទួលបានការវិនិយោគ និងដើមទុនគ្រប់គ្រាន់សម្រាប់ផលិតផលកសិកម្មដែលមានសក្តានុពលដូចជាស្រូវ ដំឡូងមី និងគ្រាប់ស្វាយចន្ទី។

លោក ឌិត ទីណា បានលើកសរសើរសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយកត់សម្គាល់ថា CGCC ដើរតួជាដៃគូដ៏ល្អក្នុងការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្ម ដែលជួយនាំយកចក្ខុវិស័យនៃសហគមន៍កសិកម្មទំនើបប្រកបដោយផ្លែផ្កា និងធានានូវភាពជោគជ័យរបស់ខ្លួន។

CGCC គឺជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ក្រោមការណែនាំហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីកែលម្អបរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃអង្គារថា MoU រវាងក្រសួងកសិកម្ម និង CGCC នឹងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបមានដើមទុនសម្រាប់ចំណាយលើប្រតិបត្តិការរបស់ពួកគេ និងព្រមទាំងទទួលបាន អត្រាការប្រាក់ទាបជាងប្រាក់កម្ចីទូទៅផ្សេងទៀត។

លោក ហ្វីណង់ បានមានប្រសាសន៍ថា “ដោយសារតែភាពរឹងមាំនៃផែនការអាជីវកម្ម និងកិច្ចសន្យាទីផ្សារច្បាស់លាស់ជាមុន CGCC ត្រៀមខ្លួនក្នុងការផ្តល់សេវាកម្មធានាឥណទានក្នុងនាមសហគមន៍ ដែលនឹងអនុញ្ញាតឱ្យសហគមន៍មានធនធានគ្រប់គ្រាន់ដើម្បីដំណើរការប្រតិបត្តិការរបស់ខ្លួនដោយមិនចាំបាច់ឱ្យសមាជិកនីមួយៗជាប់បំណុលធនាគារ។ នេះជាជំហានសំខាន់មួយទៀតសម្រាប់សហគមន៍ទំនើបរបស់យើង»។

ថ្លែងក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមមូលបទ ‘ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព’ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់សហគមន៍កសិកម្មទំនើប និងបានអំពាវនាវឱ្យមានសហគមន៍កសិកម្មបែបនេះបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។

លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ការអភិវឌ្ឍន៍បានធ្វើឡើងជាមួយនឹងសហគមន៍កសិកម្មទំនើបចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីជិត ២០០០ ហិកតា ក្នុងដំណាក់កាលដំបូង ហើយលោកបានអំពាវនាវឱ្យបន្តធ្វើដើម្បីឱ្យកាន់តែរីកចម្រើន។

 

Credit to: Khmer Times, Published on 19 September 2024

 

ពិធីចុះហត្ថលេខាលើ MOU រវាងនិយ័តករមូលបត្រកម្ពុជា និងCGCC និងសិក្ខាសាលា ស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា”

នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Wong Keet Loong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា” និងសហការរៀបចំសិក្ខាសាលាស្ដីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខា​ធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុម-ប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ. នៅអគារ អ.ស.ហ.

កម្មវិធីចុះ MoU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា តាមរយៈការគាំទ្រឱ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទទួលបាននូវទុនបន្ថែមតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, សញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព និងសញ្ញាបណ្ណចីរភាពជាដើម ដែលមានការគាំទ្រ និងធានាលទ្ធភាពសងក្នុងករណីក្ស័យធន់ពីបុគ្គលធានាក្នុងស្រុក ក្នុងគោលដៅលើកកម្ពស់ការកៀរគរមូលធនក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធ-ភាព។ ផ្សារភ្ជាប់នឹងកម្មវិធីនេះ ស្ថាប័នទាំងពីរក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយ អំពី​លក្ខខណ្ឌដើម្បីទទួលបាននូវការធានាសញ្ញាបណ្ណ និងការធានាដល់សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាបង្ហាញពីអត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយសញ្ញាបណ្ណដែលមានការធានាផងដែរ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានលើកឡើងថាតាមរយៈ MoU នាថ្ងៃនេះ នឹងអាចទាក់ទាញក្រុមហ៊ុនកាន់តែច្រើន ដែលរួមបញ្ចូលផងដែរទាំងសហគ្រាសធុនតូច និងមធ្យមក្នុងការស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ ហើយក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្រ ហើយត្រូវការស្វែងរកប្រភពហិរញ្ញប្បទានបន្ថែមក្នុងទម្រង់ជាការបោះផ្សាយលក់សញ្ញាបណ្ណ ឬជាលក្ខណៈបំណុលផ្សេងទៀត ដោយក្រុមហ៊ុននឹងអាចមានឱកាសទទួលបាននូវការធានាឥណទានមួយក្នុងអត្រាពិសេស។

ជាមួយគ្នានេះ លោក Wong Keet Loong បានលើកឡើងថា៖  “ក្នុងនាមជាស្ថាប័នធានាលើសញ្ញាបណ្ណដំបូង និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ស.ធ.ក. នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍការរីកចម្រើននៃការបោះផ្សាយសញ្ញាបណ្ណ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ចំណាត់ថ្នាក់ឥណទាន khAAA របស់ ស.ធ.ក. នឹងបង្កើនចំណាត់ថ្នាក់ឥណទានរបស់អ្នកបោះផ្សាយ ដែលនឹងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិនលើសញ្ញាបណ្ណ។ MoU ជាមួយ ន.ម.ក. គឺជាយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍ និងឆ្ពោះទៅរកការពង្រឹងក្របខណ្ឌមូលបត្រ ដើម្បីលើកកម្ពស់ការបោះផ្សាយសញ្ញាបណ្ណឱ្យបានច្រើនជាងមុន ដើម្បីកៀរគរទុន និងទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើន។

បន្ថែមពីនេះ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍បន្ថែមថា៖ MoU នេះនឹងអនុញ្ញាតឱ្យភាគីទាំង២ សម្រេចបាននូវគោលដៅរួម ក្នុងការគាំទ្រ ន.ម.ក. លើការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណ និងគាំទ្រ ស.ធ.ក.  លើការក្លាយជាស្ថាប័នធានាសញ្ញាបណ្ណឈានមុខគេនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជាផលវិជ្ជមាននៅក្នុងទីផ្សារសញ្ញាបណ្ណនៅកម្ពុជា តាមរយៈការជំរុញឱ្យមានការបោះផ្សាយ និងការវិនិយោគលើសញ្ញាបណ្ណកាន់តែច្រើន រួមមាន សញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, និងសញ្ញាបណ្ណចីរភាព ជាដើម។

កម្មវិធីនេះ មានសមាសភាពចូលរួមរួមមាន៖ តំណាងជាន់ខ្ពស់ដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន និងនិយ័តករក្រោមឱវាទ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, សមាគមធនាគារនៅកម្ពុជា, រេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក, ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល, ដៃគូប្រព័ន្ធផ្សព្វផ្សាយ​ និងក្រុមហ៊ុន-ស្ថាប័ន​ពាក់ព័ន្ធដទៃទៀត សរុបចំនួន ១០០ រូប។ ក្នុងកម្មវិធីសិក្ខាសាលា ក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសដែលមានបទពិសោធន៍យូរឆ្នាំមកពី ន.ម.ក. និងស.ធ.ក., ក្រុមហ៊ុន តែលកូថេក ធិកធីឌី, ក្រុម-ហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរឺន ម.ក ផងដែរ។

 

មធ្យោបាយទំនាក់ទំនង៖

ន.ម.ក.

សូមទាក់ទងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ តាមរយៈលេខទូរសព្ទ (៨៥៥) ៩៥ ៧៧៥ ៧៧២​ (ឃី ពុជ្ឈីង) ឬ អ៊ីមែល៖ [email protected]

ស.ធ.ក.

សូមទាក់ទងនាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍអាជីវកម្ម តាមរយៈលេខទូរសព្ទ (៨៥៥) ០៧៨​២២២ ​១៨៦ (សន ឆវីវតី) ឬ អ៊ីមែល៖ [email protected]

 

អំពី ន.ម.ក.

ន.ម.ក. ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន និងអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការមូលបត្រកម្ពុជា។​ ន.ម.ក.មានគេហទំព័រផ្លូវការ (វេបសាយ) www.serc.gov.kh និងគេហទំព័រផ្លូវការ (ហ្វេសប៊ុក) www.facebook.com/serc.gov.kh

 

អំពី ស.ធ.ក.

ស.ធ.ក. គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោ​​យ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេក​ទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់​នូវ​ការ​ធានាឥណទាន​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ស.ធ.ក. បានប្រកាសជាផ្លូវការនូវការក្លាយខ្លួនជាបុគ្គលធានាលើការបោះផ្សាយសញ្ញាបណ្ណ​ដំបូង​គេរ​បស់កម្ពុជា បន្ទាប់ពីទទួលបានការទទួលស្គាល់ពី ន.ម.ក. និងទទួលបានចំណាត់ថ្នាក់ឥណទាន khAAA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងស្រុក ពីក្រុមហ៊ុន រ៉េតធីង អេជេនស៊ី អហ្វ ខេមបូឌា។ ស.ធ.ក. មានគោលបំណងផ្តល់ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់សាជីវកម្មក្នុងស្រុក នៅក្នុង​ផ្សារ​មូលបត្រកម្ពុជា ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការកៀរគរទុន និង​ដើម្បីអភិវឌ្ឍវិ​ស័យ​មូលបត្រ​នៅប្រទេស​កម្ពុជា។ គេហទំព័រផ្លូវការរបស់ CGCC ៖ www.cgcc.com.kh និងទំព័រហ្វេសប៊ុក ៖ https://www.​​facebook.com/officialcgcc

 

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងនិយ័តករមូលបត្រកម្ពុជា និង CGCC

ទាញយកសេចក្តីប្រកាសព័ត៌មាន

 

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាង CGCC និងសហព័ន្ធស្រូវអង្ករកម្ពុជា និងកិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម

នៅព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើ  អនុស្សរណៈនៃការយោគយល់គ្នារវាងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសហព័ន្ធស្រូវអង្ករកម្ពុជា និង កិច្ចព្រមព្រៀងគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ រវាង CGCC និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានជាកិត្តិយសរបស់ក្រុមប្រឹក្សាភិបាលរបស់ CGCC, ថ្នាក់ដឹកនាំ និងសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និង CGCC សរុបប្រមាណជាង៧០រូប

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាង CGCC និង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) លើគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលសំដៅបង្កើនផលិតភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មស្រូវ-អង្កររបស់កម្ពុជា ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជា ស្របតាមគោលនយោបាយអាទិភាពលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ CGCC បានដាក់ឱ្យដំណើរការគម្រោង REGS ដែលជាគម្រោងធានាឥណទានជាកញ្ចប់មានទំហំសរុប ៣០លានដុល្លារ សម្រាប់ជំហានទី១ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ចូលរួមអនុវត្តគម្រោង REGS នេះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)។

ឯកឧត្តម រស់ សីលវ៉ា មានប្រសាសន៍ឱ្យដឹងថា៖ “ការដាក់ចេញនូវគម្រោង REGS ដែលមានទំហំ ៣០លានដុល្លារនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិត និងនាំចេញអង្ករកម្ពុជា តាមរយៈយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល ដែលមាន CGCC ជាប្រតិបត្តិករ ដោយផ្តល់ការធានារហូតដល់ ៨០% លើកម្ចីអតិបរមារហូតដល់ ៣លានដុល្លារ។ គម្រោង REGS នេះនឹងគាំទ្រដល់ការទទួលបានហិរញ្ញប្បទានរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវពីកសិករ សម្រាប់ការផលិតអង្ករនាំចេញ ដើម្បីគាំទ្រដល់គោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា។”

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា ៖ “ពិធីចុះហត្ថលេខា នាថ្ងៃនេះគឺជានិមិត្តរូបថ្មីបន្ថែមទៀត នៃដំណើរការត្រៀមខ្លួនលើកកម្ពស់វិស័យស្រូវអង្ករឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងឯកជន និងឯកជន ជាមួយរាជរដ្ឋាភិបាល។ កញ្ចប់ធានាឥណទានលើវិស័យស្រូវអង្ករដំណាក់កាលទីមួយនាពេលនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវពង្រីកវិសាលភាពរបស់ខ្លួនក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែមនៅក្នុងស្រុក ដែលកើតចេញពីអនុផលនៃការកិនស្រូវទាំងអស់ដល់វិស័យផ្សេងទៀតដូចជាវិស័យវារីវប្បកម្ម ការចិញ្ចឹមសត្វ។ល។ កញ្ចប់ធានានេះក៏ជាកត្តាលីករបន្ថែមទៀតនៃការចូលរួមលើការអនុវត្តនូវគោលនយោបាយផលិតកម្មស្រូវ និងការជំរុញការនាំចេញឱ្យបាន១លានតោនក្នុងមួយឆ្នាំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ហើយយើងជឿជាក់ថា ផែនការនេះ នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៥ដ៏ខ្លីខាងមុខ។”

លោក Wong Keet Loong អគ្គនាយក CGCC បានគូសបញ្ជាក់ថា ៖ CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានថ្មី ដែលជាគម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ (REGS) ដែលមានទំហំ ៣០លានដុល្លារ ដើម្បីគាំទ្រជាទុនបង្វិល សម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្នុងការកិនកែច្នៃស្រូវសម្រាប់ការនាំចេញអង្ករ។ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ស្ថាប័ន បានប្តេជ្ញាចិត្តក្នុងការផ្តល់កម្ចីដែលមានការធានាពី CGCC សម្រាប់រោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើនសមត្ថភាពក្នុងការនាំចេញអង្ករ។ គម្រោងនេះផ្តល់ជូននូវលក្ខខណ្ឌពិសេស ដូចជាកម្រៃធានាឥណទានទាប វិសាលភាពនៃការធានាខ្ពស់ និងអត្រាការប្រាក់មិនលើសពី១១%។ យើងគាំទ្រនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។ នេះគឺជាជំហានទីមួយនៃគម្រោង ដោយយើងនឹងស្នើបង្កើនទំហំគម្រោង ប្រសិនបើមានតម្រូវការខ្ពស់សម្រាប់ការធានាឥណទាន។” 

គម្រោង REGS របស់ CGCC ត្រូវបានដាក់ឱ្យដំណើរការដើម្បីសម្រួលដល់តម្រូវការហិរញ្ញប្បទាន និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលប្រឈមនឹងបញ្ហាខ្វះទ្រព្យធានាដើម្បីដាក់ស្នើកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសនៅក្នុងរដូវកាលប្រមូលផល។  ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីន​កិនស្រូវដែលជាសមាជិកសកម្មរបស់ CRF និងដែលមានតម្រូវការហិរញ្ញប្បទានសម្រាប់ជាទុនបង្វិល និងពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ទិញស្រូវ កិនកែច្នៃ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស អាចទំនាក់ទំនងទៅកាន់ CRF ដើម្បីទទួលបានការសម្របសម្រួលក្នុងការទទួលបានហិរញ្ញប្បទាននេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម៕

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅការិយាល័យរបស់ CGCC ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC  ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោក Suwat Techawatanawana, អគ្គនាយកប្រតិបត្តិរងធនាគារកសិកនប្រទេសថៃ។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

លោក Wong Keet Loong អគ្គនាយក CGCC បានមានប្រសាសន៍ថា៖ “យើងមានកិត្តិយសខ្លាំងណាស់ដែលបានចាប់ជាដៃគូជាមួយធនាគារឈានមុខគេនៅក្នុងព្រះរាជាណាចក្រថៃ​ ក្នុងការផ្តល់ការធានាឥណទានដើម្បីគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា។ សាខាធនាគារកសិកននៅទីនេះ​ នាំយកបទពិសោធន៍ពីប្រទេសថៃ ដែលវិស័យធនាគារនៅទីនោះមានការអភិវឌ្ឍខ្លាំង ក្នុងការផ្តល់កម្ចីដែលមានការធានា។ តាមរយៈបទពិសោធន៍ទាំងនេះ យើងសង្ឃឹមថាធនាគារកសិកននៅកម្ពុជានឹងពង្រីកការផ្តល់ហិរញ្ញប្បទានដែលមានការធានា ជូនដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

លោកក៏បានបន្តទៀតថា៖ “កិច្ចសហការនេះក៏នឹងបើកឱកាសសម្រាប់ CGCC ដើម្បីស្វែងយល់បន្ថែមពីការធានាឥណទានឆ្លងព្រំដែន រវាងធុរកិច្ចក្នុងព្រះរាជាណាចក្រថៃ​  និងព្រះរាជាណាចក្រកម្ពុជា។ នៅចុងឆ្នាំនេះ យើង​ក៏មាន​គម្រោង​សិក្សា និង​សហការ​ជាមួយសាជីវកម្មធានាឥណទានប្រទេសថៃ ដែល​មាន​បទពិសោធន៍​ជាង៣០ឆ្នាំ​ផងដែរ។”

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

លោក រិទ្ធិវុទ្ធ វឌ្ឍនាឆៃ ប្រធានចាត់ការទូទៅនៃសាខាធនាគារកសិកន (ភ្នំពេញ) បានមានប្រសាសន៍ឱ្យដឹងដែរថា៖ “ប្រទេសកម្ពុជាគឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រការពង្រីកខ្លួនរបស់ធនាគារកសិកន ប្រចាំតំបន់ ។ គំនិតផ្តួចផ្តើមនេះស្របតាមផែនការអាជីវកម្មរបស់យើងសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដែលក្នុងនោះយើងមានគោលបំណងបង្កើនបទពិសោធន៍របស់យើងក្នុងការគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសថៃ និងទាញយកគំរូស្រដៀងគ្នានេះ ដើម្បីបម្រើដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ភាពជាដៃគូជាមួយ CGCC នឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់យើងក្នុងការពង្រីកវិសាលភាពទៅកាន់សហគ្រិនឱ្យបានកាន់តែច្រើនជាងមុន ស្របពេលជាមួយការបង្កើនសមត្ថភាពសេវាកម្មរបស់យើងផងដែរ។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”។”

CGCC ផ្តោតលើការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈបេសកកម្មចម្បងនៃការផ្តល់ការធានាលើកម្ចីអាជីវកម្មដែលផ្តល់ឱ្យតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដល់ MSMEs។ ស្របជាមួយគ្នានេះ សាខាធនាគារ កសិកន (ភ្នំពេញ) គឺជាសាខារបស់ ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយរបស់ព្រះរាជាណាចក្រថៃ ដែលក៏មានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុករបស់កម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ និងដំណោះស្រាយយ៉ាងទូលំទូលាយដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនផងដែរ។

ជាមួយនឹងវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា សាខារបស់ធនាគារ កសិកន (ភ្នំពេញ) ឥឡូវនេះបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៧ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងសាខាធនាគារ  កសិកន (ភ្នំពេញ) ជឿជាក់ថា កិច្ចសហការនេះនឹងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
CGCC និងសាខាធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធានាឥណទាន ដើម្បីគាំទ្រការទទួលបានកម្ចីដែលមានការធានា ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

អំពី CGCC

CGCC គឺជាសាជីវកម្មធានាឥណទានតែមួយគត់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

 

អំពីសាខាធនាគារកសិកន (ភ្នំពេញ)

សាខាធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ) ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជីដំបូង៥០លានដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានបង្កើនដល់៨០លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមឆ្នាំ២០២៣នេះ។

ក្នុងនាមជាសមាហរណកម្មរបស់ធនាគារកសិកន សាខានៅកម្ពុជានេះមានគោលបំណងផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ដល់អាជីវកម្មទាំងក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ ដោយធនាគារកសិកមានវត្តមានសាខានៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី វៀតណាម ឡាវ និងថៃ សាខានៅកម្ពុជានេះ ក៏ផ្តោតលើការតភ្ជាប់អតិថិជនពីទូទាំងតំបន់ទាំងនោះផងដែរ៕