នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅអគារព្រីនស៍ថៅវើ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារព្រីនស៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានជាកញ្ចប់ ដែលមានទំហំ ៣លានដុល្លារ សម្រាប់សហគ្រិនស្រ្តី។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក Wong Keet Loong អគ្គនាយក CGCC និង លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ និងក្រោមវត្តមានកិត្តិយសពី លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា។
គម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តី របស់ CGCC និងធនាគារព្រីនស៍ នេះគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ ដែលនឹងអនុញ្ញាតឱ្យធនាគារព្រីនស៍ អាចបញ្ចេញកម្ចីដែលមានការធានា ជូនទៅសហគ្រិនស្ត្រី ដោយមិនចាំបាច់ស្នើសុំការធានាម្តងមួយៗពី CGCC មុនពេលបញ្ចេញកម្ចីទាំងនោះ។ គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ នឹងគាំទ្រដល់ការបញ្ចេញកម្ចីដែលមានការធានាពី CGCC តាមរយៈធនាគារព្រីនស៍ ជូនដល់សហគ្រិនស្រ្តី ដែលខ្វះទ្រព្យធានា ឱ្យកាន់តែបានច្រើន ងាយស្រួល និងរហ័សជាងមុន។
លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា៖ “គម្រោងធានាឥណទានជាកញ្ចប់ទំហំ៣លានដុល្លារនេះ ជាមួយធនាគារព្រីនស៍នេះ បានបង្កើតឡើងជាពិសេស សម្រាប់គាំទ្រដល់សហគ្រិនស្រ្តី តាមរយៈកម្ចីដែលមានការធានា។ យើងសង្ឃឹមថា ជាមួយនឹងបណ្តាញដ៏រឹងមាំរបស់ធនាគារព្រីនស៍ យើងនឹងអាចបង្កើនការធានាឥណទានទៅកាន់អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីជាច្រើនទៀត។ មកដល់បច្ចុបន្ននេះ CGCC បានផ្តល់ការធានាប្រមាណ ៤០% នៃទំហំកម្ចីសរុបដែលមានការធានាប្រមាណ ១៣០លានដុល្លារ ដែលស្មើនឹង៥០លានដុល្លារទៅកាន់សហគ្រិនស្រ្តីខ្នាតមីក្រូ តូច និងមធ្យម (MSMEs)”។
លោកអគ្គនាយកក៏បានបន្ថែមទៀតថា ៖ “គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ ក៏បានផ្តល់នូវលក្ខខណ្ឌអនុគ្រោះជាមួយនឹងអត្រាការប្រាក់ និងកម្រៃធានាឥណទានដែលទាបជាងមុន សម្រាប់ឆ្នាំដំបូង ដែលនឹងសម្រួលដល់សហគ្រិនស្រ្តី MSMEs អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានដែលមានតម្លៃទាបជាងមុន។”
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងថា “យើងមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ CGCC ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក ដោយ គាំទ្រដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍ទាំងមូល។ ស្ត្រី គឺជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ សម្រាប់គ្រួសារ និងសហគមន៍។ ការចូលរួម និងការរួមចំណែករបស់ស្រ្តីម្នាក់ៗ មានសារៈសំខាន់ណាស់នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចទាំងមូល ហើយសមត្ថភាព និងការតាំងចិត្តដ៏មុតមាំរបស់ពួកគាត់គួរទទួលបានការកោតសរសើរ និងការគោរព ព្រមទាំងគួរទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង សម្រាប់ការបន្តអភិវឌ្ឍឆ្ពោះទៅរកភាពជោគជ័យ។ នៅក្រោមគម្រោងធានាឥណទានជាកញ្ចប់ សម្រាប់សហគ្រិនស្រ្តីនេះ យើងមានគោលបំណងផ្តល់នូវលំហូរសាច់ប្រាក់ដែលមានភាពងាយស្រួល និងកាន់តែប្រសើរ ជាមួយនឹងលក្ខខណ្ឌពិសេសដល់មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី ដើម្បីផ្តល់នូវការគាំទ្របន្ថែម លើការទទួលបានដើមទុន សម្រាប់ការវិនិយោគ និងការទ្រទ្រង់និរន្តរភាពអាជីវកម្មរបស់ពួកគាត់។ វាតែងតែជាអាទិភាពចម្បងរបស់ធនាគារ ក្នុងការគាំទ្រដល់បុគ្គល និងអាជីវកម្មកម្ពុជាលើតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងកំពុងបន្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការលើកកម្ពស់ផលិតផល និងសេវាកម្មរបស់យើង ឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់។”
គួរបញ្ជាក់ឱ្យដឹងផងដែរថា ធនាគារព្រីនស៍ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមួយរបស់ CGCC តាំងពីឆ្នាំ២០២១ ហើយបាននិងកំពុងបន្តចូលរួមជាមួយ CGCC ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកទ្រព្យធានារបស់ MSMEs តាមរយៈការផ្តល់កម្ចីដែលមានការធានា។ CGCC និងធនាគារព្រីនស៍ សង្ឈឹមថា គម្រោងធានាឥណទានជាកញ្ចប់សម្រាប់សហគ្រិនស្រ្តីនេះ នឹងអាចផ្តល់ការគាំទ្រដល់សហគ្រិនស្រ្តីនៅកម្ពុជា ដែលភាគច្រើនជា MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច៕
អំពី CGCC
សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។
អំពីធនាគារព្រីនស៍
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៤ និងទីតាំងអេធីអឹមចំនួន៨២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។