នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរៀបចំនូវកិច្ចប្រជុំបុគ្គលិកលើកទី២ ប្រចាំឆ្នាំ២០២៣ ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពជូនគណៈកម្មាធិការប្រតិបត្តិរបស់ CGCC និងចែករំលែកជូនបុគ្គលិកទាំងអស់អំពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ និងជាពិសេស ទៅលើផែនការយុទ្ធសាស្រ្តរបស់នាយកដ្ឋានមួយចំនួន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣។
កិច្ចប្រជុំបុគ្គលិកលើកទី២ ប្រចាំឆ្នាំ២០២៣ មានការចូលរួមពីគ្រប់បុគ្គលិកទាំងអស់របស់ CGCC និងមានការចូលរួមជាភ្ញៀវកិត្តិយស និងការផ្ដល់បទបង្ហាញពីសំណាក់លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ នៃធនាគារជាតិកម្ពុជា។ កិច្ចប្រជុំនេះ មិនមែនត្រឹមតែជាវេទិកាដើម្បីធ្វើបទបង្ហាញពីនាយកដ្ឋានពាក់ព័ន្ធទាំងអស់នោះទេ តែជាឱកាសក្នុងការជួបពិភាក្សា ក៏ដូចជាទទួលនូវអនុសាសន៍ ស្របជាមួយទិសដៅដើម្បីអភិវឌ្ឍ CGCC លើប្រតិបត្តិការការងារ និងចូលរួមចំណែកសម្រេចចក្ខុវិស័យរួមរបស់ CGCC ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។