(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយនឹងធនាគារ អេស៊ីលីដា បានរៀបចំនូវកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅថា Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី១ នៃឆ្នាំ២០២៤ ស្តីអំពី «គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ»។
កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC នេះ បានរៀបចំឡើង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដោយមានការចូលរួមពីសិក្ខាកាមចំនួន២០រូប ដែលជាម្ចាស់អាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មកពីរាជធានីភ្នំពេញ និងខេត្តក្រុងចំនួន៥។
EPIC គឺជាកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមរយៈពេលវែងមួយរបស់ CGCC ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីឆ្នាំ២០២៤តទៅ និងផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ការធានាឥណទាន និងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
តាមរយៈ EPIC វគ្គទី១ នៃឆ្នាំ២០២៤នេះ សិក្ខាកាមទាំងអស់បានស្វែងយល់លើប្រធានបទបណ្តុះបណ្តាលគោលស្តីអំពី «គន្លឹះក្នុងការរៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្រ្តទទួលបានហិរញ្ញប្បទានផ្លូវការ» ដែលប្រធានបទនេះផ្តល់ឱ្យសិក្ខាកាមបានស្វែងយល់ពីសារៈសំខាន់នៃផែនការអាជីវកម្ម និងជាពិសេសសម្រាប់ដាក់ស្នើកម្ចីទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ និងទទួលបានឱកាសអនុវត្តជាក់ស្តែងលើការរៀបចំផែនការអាជីវកម្ម នៅក្នុងថ្នាក់រៀនផ្ទាល់ផងដែរ។
បន្ថែមពីនេះ សិក្ខាកាមក៏ទទួលបាននូវព័ត៌មានទាក់ទងនឹងយន្តការធានាឥណទានរបស់ CGCC ក្នុងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ SMEs និងផលិតផលឥណទានដែលមានការធានា និងនីតិវិធីនៃការអនុម័តកម្ចីរបស់ធនាគារ អេស៊ីលីដាផងដែរ។
ការកសាងសមត្ថភាពសហគ្រិនគឺជាការងារអាទិភាពមួយរបស់CGCC ក្នុងបេសកកម្មបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា។ EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនជាអាទិភាពមួយរបស់ CGCC ដែលនឹងនាំមកនូវប្រធានបទពាក់ព័ន្ធ ដោយផ្អែកលើស្ថានភាពជាក់ស្តែងតាមរយៈវគ្គបណ្តុះបណ្តាលនីមួយៗ នាពេលបន្តបន្ទាប់ ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ/គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលមានឆន្ទៈក្នុងការផ្តល់នូវការអភិវឌ្ឍសមត្ថភាពរយៈពេលវែងជូនដល់សហគ្រាសខ្នាតតូច និងមធ្យម។
សហគ្រិនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមវគ្គបណ្តុះបណ្តាល EPIC វគ្គបន្ទាប់ៗទៀត សូមតាមដានការចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ CGCC ៖ https://www.facebook.com/officialcgcc ៕
Credit to: Fresh News Plus, Published on 28 May 2024