ជាង៤០ ភាគរយនៃប្រាក់កម្ចីទាំងអស់ដែលធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ត្រូវបានផ្តល់ទៅឱ្យសហគ្រិនស្ត្រី នេះបើតាមលោក KL Wong អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងបទសម្ភាសន៍ជាមួយកាសែតខ្មែរថាមស៍។
បច្ចុប្បន្ន CGCC បានធានាឥណទានចំនួន ២០០លានដុល្លារដល់ ២.៣៦៦ គណនីសហគ្រាសធុនតូច និងមធ្យម ដូចដែលបានកំណត់រយៈពេលបីឆ្នាំនៃប្រតិបត្តិការ។ CGCC បានអោយដឹងថា ដោយបានចាប់ផ្តើមក្នុងអំឡុងពេលជំងឺ Covid-19 ដើម្បីជួយទ្រទ្រង់ដំណើរអាជីវកម្ម ឥឡូវនេះស្ថាប័នបានធានាឥណទានចំនួន ១២៩ លានដុល្លារ និងចំនួនទឹកប្រាក់ធានា ៩៤ លានដុល្លារពីការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបានផ្តល់ការងារដល់ជាង ៥២.០០០កន្លែងដល់ប្រជាជនកម្ពុជា។
នៅក្រោមគម្រោងធានាឥណទានរបស់សហគ្រិនស្ត្រី (WEGS) មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីដែលទទួលយកឥណទានដែលធានាដោយ CGCC ។ លោក Wong បាននិយាយថា ក្នុងចំណោមអត្ថប្រយោជន៍នានាគឺអត្រាការប្រាក់ទាបជាមួយធនាគារ ថ្លៃធានាទាបសម្រាប់ឆ្នាំដំបូង និងការធានារ៉ាប់រងលើប្រាក់កម្ចីខ្ពស់ជាង។
លោកបានបន្តថា ការធានាសម្រាប់សហគ្រាសធុនតូច និងមធ្យមក្រោមគម្រោងធានាការស្ដារអាជីវកម្មរបស់ CGCC (BRGS) គឺ ១ ភាគរយ។ ប៉ុន្តែសម្រាប់សហគ្រិនស្ត្រី ថ្លៃសេវានេះត្រូវបានកាត់បន្ថយមកត្រឹម ០,៥ ភាគរយសម្រាប់ឆ្នាំដំបូងនៃឥណទាន។ ក្រៅពីនោះ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្រោមគម្រោង BRGS ប្រហែល ៧០ ភាគរយនៃឥណទានត្រូវបានធានាដោយ CGCC ។ ចំណែកគម្រោងសហគ្រិនស្ត្រីខ្ពស់រហូតដល់ ៨០ ភាគរយនៃឥណទានត្រូវបានធានាដោយ CGCC។
រហូតមកដល់ពេលនេះ CGCC បានគាំទ្រសហគ្រិនស្ត្រីជាច្រើននៅក្នុងវិស័យចម្រុះ។ អ្នកទទួលផលមួយក្នុងចំណោមអ្នកទទួលផលពីគម្រោងរបស់ខ្លួនគឺក្រុមហ៊ុនឬទ្ធិពល ដែលមានអ្នកស្រី Bopha Pen ជាស្ថាបនិក និងជាអគ្គនាយក។ នៅឆ្នាំ២០២០ អ្នកស្រីបានជួបវិបត្តហិរញ្ញវត្ថុ ហើយត្រូវការដើមទុនសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ អ្នកស្រីបានស្វែងរកប្រាក់កម្ចីពីធនាគារ។ ប៉ុន្តែ អ្នកស្រីមិនមានវត្ថុបញ្ចាំគ្រប់គ្រាន់ រហូតដល់ CGCC បានធានាប្រាក់កម្ចីរបស់អ្នកស្រីជាមួយស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូរបស់ខ្លួនគឺ CAMMA មីក្រូហិរញ្ញវត្ថុ។
បច្ចុប្បន្ននេះ អ្នកស្រី Bopha ដំណើរការក្រុមហ៊ុនឬទ្ធិពល និងបានបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្កើតកម្មវិធីទូរស័ព្ទ fintech Kotluy ។ សហគ្រិនស្ត្រីម្នាក់ទៀតដែលទទួលបានអត្ថប្រយោជន៍ពីការធានាឥណទានរបស់ CGCC គឺក្រុមហ៊ុន SOGE របស់អ្នកស្រី ខៀវ ធីតា។ SOGE (Solar Green Energy (Cambodia) Co) ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកថាមពលកកើតឡើងវិញ ដែលខ្វះដើមទុនសម្រាប់ការពង្រីក។
លោក K L Wong បាននិយាយថា រដ្ឋាភិបាលផ្តល់អាទិភាពដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី។ នៅពេលដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ២០២១ ប្រហែល២៣ភាគរយនៃអ្នកខ្ចីសរុបរបស់ខ្លួនគឺជាស្ត្រី។ ចំនួននេះបានកើនឡើងដល់៣៥ ភាគរយនៃអ្នកខ្ចីសរុបក្នុងឆ្នាំ២០២២។ នៅចុងឆ្នាំ២០២៣ ខ្ពស់រហូតដល់៤២ ភាគរយនៃផលប័ត្រធានាឥណទានសរុបរបស់ CGCC គឺសម្រាប់ស្ត្រី។
លោកបានបន្ថែមថា “យើងមានមោទនភាពចំពោះភាពចម្រុះនៅក្នុងផលប័ត្ររបស់យើង”។ បច្ចុប្បន្ន CGCC មានគម្រោងធានាឥណទានចំនួនប្រាំ។ ក្រៅពីគម្រោង WEGS និង BRGS CGCC ក៏មានគម្រោងការធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់វិស័យទេសចរណ៍ (CFGS-TR) និងគម្រោងការធានាឥណទានជាកញ្ចប់ (PGS)។
លោកបានលើកឡើងទៀតថា គម្រោងរបស់ពួកគេគឺត្រូវបានកែសម្រួលសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យ ៧០ ភាគរយនៃឱកាសការងារនៅក្នុងប្រទេស និងរួមចំណែក ៥៨ ភាគរយដល់ផលិតផលសរុបក្នុងស្រុករបស់ប្រទេស។ CGCC បានអោយដឹងថា ខ្លួនកំពុងគាំទ្រសហគ្រាសធុនតូច និងមធ្យមពីវិស័យចម្រុះ ដូចជា កសិកម្ម សេវាកម្ម ឧស្សាហកម្ម និងសេវាកម្ម។
លោកបានបន្ថែមថា គម្រោង WEGS មានកម្រិតសម្រាប់អត្រាការប្រាក់នៃឥណទាន។ សម្រាប់អត្រាការប្រាក់ឆ្នាំដំបូង រួមទាំងថ្លៃធានាឆ្នាំដំបូងគឺ ៨ ភាគរយសម្រាប់ឥណទានជាប្រាក់រៀល និង ៩ ភាគរយសម្រាប់ឥណទានជាប្រាក់ដុល្លារ។ ហើយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) និងស្ថាប័នទទួលប្រាក់បញ្ញើ (MDIs) ស្ត្រីអាចទទួលបានឥណទានដែលមានអត្រាការប្រាក់ ១០ ភាគរយសម្រាប់កម្ចីជាប្រាក់រៀល និង ១១ ភាគរយសម្រាប់កម្ចីជាប្រាក់ដុល្លារ។
លោកបានមានប្រសាសន៍ថា អាជីវកម្មដែលដឹកនាំដោយស្ត្រីមានសិទ្ធិទទួលបានកម្ចីគ្រប់ប្រភេទ រួមទាំងកម្ចីមានរយៈកាល សម្ភារៈហិរញ្ញប្បទានពាណិជ្ជកម្ម។ល។
ជាមួយគ្នានេះ ក៏មានជម្រើសមិនត្រឹមតែសម្រាប់កម្ចីថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កម្ចីចាស់ឡើងវិញផងដែរ។ CGCC បាននិយាយថា បច្ចុប្បន្ន ខ្លួនកំពុងធានាទាំងប្រាក់កម្ចីដែលមានការធានា និងមិនមានការធានា។ ចំនួនប្រាក់កម្ចីអតិបរមាសម្រាប់កម្ចីដើមទុនគឺ ៣០០.០០០ដុល្លារ ហើយចំនួនអតិបរមាសម្រាប់គម្រោងវិនិយោគ និងពង្រីកអាជីវកម្មគឺ ៥០០.០០០ដុល្លារ។
Credit to: Khmer Times, Published on 16 August 2024