CGCC Launches Scheme to provide Debt Collateral to Women Entrepreneurs

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដាក់​ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី ទំហំ ៣០​ លាន​ដុល្លារ

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) មាន​កិត្តិយស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នូវ «គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី» ដែល​មាន​ទំហំ​សរុប ៣០​លាន​ដុល្លារ ចាប់​ពី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ ២០២២ នេះ​ត​ទៅ ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ស្រ្តី ជាពិសេស សហគ្រិន​ស្ត្រី​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​នៅពេល​ស្នើសុំ​កម្ចី ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ផ្លូវការ​ច្រើន​ជាង​មុន និង​ងាយស្រួល​ជាង​មុន សម្រាប់​ទុន​បង្វិល និង​ពង្រីក​អាជីវកម្ម។

គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី ត្រូវ​បាន​រៀបចំ​ឡើង​ស្របតាម «ក្របខណ្ឌ​យុទ្ធសាស្រ្ត និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣» របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ឱ្យ​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បង្កើន​ការ​ផ្តល់​ឥណទាន​បន្ថែម តាម​រយៈការ​កែ​សម្រួល​លក្ខខណ្ឌ​ធានា​ឥណទាន ដោយ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​ការ​ធានា​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​អនុគ្រោះ។

គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី មាន​គោល​បំណង​បង្កើន​ការ​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី និង​អាជីវកម្ម​ដែល​គ្រប់គ្រង និង​ដឹកនាំ​ដោយ​ស្ត្រី​ឱ្យ​ទទួល​បាន​ហិរញ្ញប្បទាន​ផ្លូវការ តាម​រយៈការ​ធានា​ឥណទាន​របស់ CGCC លើ​កម្ចី រហូត​ដល់ ៨០% នៃ​ទំហំ​កម្ចី សម្រាប់​គ្រប់​វិស័យ ជាមួយ​នឹង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេងៗ​ទៀត។ គម្រោង​នេះ​ផ្តល់​ការ​ធានា​ឥណទាន លើ​គ្រប់​ប្រភេទ​កម្ចី រួម​មាន​កម្ចី​មាន​កាល​កំណត់ ឥណទាន​វិបារូបរ៍ ឥណទាន​ពាណិជ្ជកម្ម។ លោក​អ្នក​អាច​ទាញ​យក​លក្ខខណ្ឌ​លម្អិត​នៃ​គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្ត្រី តាម​រយៈគេហទំព័រ CGCC: www.cgcc.com.kh​​

គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី​នេះ គឺជា​គម្រោង​ធានា​ឥណទាន​ទី៣ របស់ CGCC បាន​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​កន្លងមក។ គិត​ត្រឹម​ចុង​ខែមីនា ឆ្នាំ​២០២២ CGCC បាន​ផ្តល់​ការ​ធានា​ឥណទាន​លើ​កម្ចី​ទៅ​កាន់​ក្រុមហ៊ុន​អាជីវកម្ម​ប្រមាណ ៣០០ ដែល​ក្នុង​នោះ អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្រ្តី​មាន​ប្រមាណ ៣០% នៃ​អាជីវកម្ម​សរុប​ដែល​ទទួល​បាន​ការ​ធានា​ឥណទាន។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទៅ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ CGCC តាម​រយៈតំណភ្ជាប់​នេះ៖ https://www.facebook.com/officialcgcc ឬ ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ ០២៣ ៧២២ ១២៣។

(អត្ថបទពី៖ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២)