ដើម្បីចូលរួមគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងជំរុញកំណើនក្នុងវិស័យ ទេសចរណ៍ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍” (Co-Financing Guarantee Scheme for Tourism “CFGS-TR”) បន្ទាប់ពីទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោង CFGS-TR ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទានលើកម្ចីសហហិរញ្ញប្បទាន ដែលបញ្ចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (Participating Financial Institutions “PFIs”) របស់ CGCC តាមរយៈគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (Tourism Recovery Co-Financing Scheme “TRCS”) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank)។
គម្រោង CFGS-TR របស់ CGCC និងគម្រោង TRCS របស់ SME Bank គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យទេសចរណ៍។ ខណៈដែលគម្រោង TRCS មានគោលបំណងកាត់់បន្ថយចំណាយការប្រាក់នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម, CFGS-TR របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចំនួន ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅកាន់អ្នកខ្ចី។ គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះនឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងធានាឥណទានរបស់ CGCC សូមចូលទៅកាន់គេហទំព័ររបស់ CGCC www.cgcc.com.kh ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ 023 722 123 ឬអ៊ីម៉ែល [email protected]។ សូមអរគុណ៕
ថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
រាជធានីភ្នំពេញ ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២
សាជីវកម្មធានាឥណទានកម្ពុជា