CGCC

សេចក្តីជូនដំណឹងស្តីពី ការផ្លាស់ប្តូរទីតាំងអគារការិយាល័យថ្មីនៃសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថាប័នទាំងអស់ ព្រមទាំងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងសាធារណជន មេត្តាជ្រាបថា៖ សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) នឹងផ្លាស់ប្តូរទីតាំងទៅអគារការិយាល័យថ្មី ដែលស្ថិតនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៩ អគារ S ផ្លូវ OCIC កែង ផ្លូវ អូរវែង ភូមិគៀនឃ្លាំង, សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះតទៅ។

អាស្រ័យហេតុនេះ សូមស្ថាប័នទាំងអស់ ព្រមទាំងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

ផែនទីទីតាំងអគារការិយាល័យថ្មីរបស់ស.ធ.ក.៖ https://goo.gl/maps/GG1sR2gDWK6DEUXo6

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉េល [email protected]

Announcement-CGCC's New Office Relocation

សេចក្តីប្រកាសព័ត៌មាន សាជីវកម្មធានាឥណទានកម្ពុជា ដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ទំហំ ៣០លានដុល្លារ

(រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី” ដែលមានទំហំសរុប ៣០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះតទៅ ដើម្បីគាំទ្រដល់សហគ្រិនស្រ្តី ជាពិសេស សហគ្រិនស្ត្រីដែលខ្វះទ្រព្យបញ្ចាំនៅពេលស្នើសុំកម្ចី ឲ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការច្រើនជាងមុន និងងាយស្រួលជាងមុន សម្រាប់ទុនបង្វិល និងពង្រីកអាជីវកម្ម។

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ត្រូវបានរៀបចំឡើងស្របតាម “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន ដោយពង្រីកវិសាលភាពនៃការផ្តល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។

គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី មានគោលបំណងបង្រួមគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់ហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី និងអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រី តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីរហូតដល់ ៨០% នៃទំហំកម្ចី និងកម្រៃធានាឥណទានទាប សម្រាប់គ្រប់វិស័យ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។ គម្រោងនេះផ្តល់ការធានាឥណទាន លើគ្រប់ប្រភេទកម្ចី រួមមានកម្ចីមានកាលកំណត់ ឥណទានវិបារូបរ៍ ឥណទានពាណិជ្ជកម្ម។ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តីនេះ គឺជាគម្រោងធានាឥណទានទី៣ របស់ CGCC បានដាក់ឱ្យដំណើរការនាពេលកន្លងមក។  គិតត្រឹមចុងខែមីនា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានលើកម្ចីទៅកាន់ក្រុមហ៊ុនអាជីវកម្មជាង ៣០០ ដែលក្នុងនោះ អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមានប្រមាណ ៣០% នៃអាជីវកម្មសរុបដែលទទួលបានការធានាឥណទាន។ លោកអ្នកអាចទាញយកលក្ខខណ្ឌលម្អិតនៃគម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី តាមរយៈ https://bit.ly/3iRftBu

CGCC គឺជាសហគ្រាសសាធារណៈដែលផ្តល់ការធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ហើយដែលត្រូវបានបង្កើតឡើងដោយ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទាន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង CGCC តាមលេខទូរស័ព្ទ 023 722 123 ឬ ចូលទៅកាន់គេហទំព័រផ្លូវការរបស់ CGCC តាមរយៈ www.cgcc.com.kh

ទាញយកសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែរ៖ Women Entrepreneurs Guarantee Scheme_PR_KH

ព្រឹត្តិបត្រព័ត៌មានលេខទី១ របស់សាជីវកម្មធានាឥណទានកម្ពុជា

តើអ្នកកំពុងស្វែងរកព័ត៌មានអំពីការធានាឥណទានមែនទេ? ឥលូវនេះ ជាមួយនឹងព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជា លោកអ្នកអាចទទួលបានព័ត៌មានអំពីការធានាឥណទានដែលងាយយល់ និងដែលជាផ្នែកមួយដ៏សំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ។

ព្រឹត្តិបត្រព័ត៌មានលេខទី១ របស់យើង គ្របដណ្តប់លើព័ត៌មាននានាដែលនៅក្នុងខែតុលា ដល់ ធ្នូ ឆ្នាំ២០២១។ លោកអ្នកអាចអាន និងទាញយកតាមរយៈដំណរភ្ជាប់នេះ៖ ព្រឹត្តិបត្រព័ត៌មានលេខទី១ របស់ ស.ធ.ក.

សេចក្តីប្រកាសព័ត៌មាន សិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម”

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានរៀបចំសិក្ខាសាលាស្តីពី “សេវាធានាឥណទាន៖ អត្ថប្រយោជន៍ និងឱកាស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” នាថ្ងៃនេះ ដោយមានការគាំទ្រដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF)។ សិក្ខាសាលានេះ ប្រមូលផ្តុំភាគីពាក់ព័ន្ធ រួមមាន៖ រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថាប័នហិរញ្ញវត្ថុ, និងតំណាងម្ចាស់អាជីវកម្ម ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍ និងឱកាស នៃការប្រើប្រាស់សេវាធានាឥណទាន ក្នុងការគាំទ្រដល់ការងើបឡើងវិញ និងការពង្រីកអាជីវកម្ម។

សេវាធានាឥណទាន អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញបានកម្រិតណា គឺអាស្រ័យលើទស្សនៈរបស់ស្ថាប័នផ្តល់កម្ចី និងអ្នកខ្ចីទៅលើសេវាធានាឥណទាននេះ។ ដូច្នេះ សិក្ខាសាលានេះ ផ្តោតការពិភាក្សាលើទស្សនៈរបស់ភាគីពាក់ព័ន្ធចំពោះសេវាធានាឥណទាន។ វាគ្មិនទាំងអស់បានបង្ហាញការយល់ឃើញដូចគ្នាថា កង្វះទ្រព្យបញ្ចាំគឺជាបញ្ហាប្រឈមចម្បងមួយ ក្នុងការទទួលបានប្រាក់កម្ចីផ្លូវការរបស់ក្រុមហ៊ុនអាជីវកម្ម។ វាគ្មិនទាំងអស់ក៏បានយល់ស្របគ្នាដែរថា សេវាធានាឥណទាន អាចគាំទ្រធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីច្រើនជាងមុនដល់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មដែលខ្វះទ្រព្យបញ្ចាំ។

លើសពីនេះ វាគ្មិនកិត្តិយស ក៏បានជជីកវែកញែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់លទ្ធភាព​ទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិបទនៃការបើកសេដ្ឋកិច្ចឡើងវិញ នៅក្នុងប្រទេសកម្ពុជាផងដែរ។ កិច្ចពិភាក្សាបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានហិរញ្ញប្បទាន។ លើសពីនេះ ភាគីពាក់ព័ន្ធ បានចូលរួមក្នុងបេសកកម្មនេះ តាមរយៈការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការបង្កើតផលិតផលហិរញ្ញវត្ថុប្រកប​ដោយភាពច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៃវិស័យហិរញ្ញវត្ថុ ជាដើម។ អ្នកចូលរួមបាន បង្ហាញឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

វាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលានេះ រួមមាន ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA), ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​(CMA) និងជានាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ , នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា, អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកវិស័យហិរញ្ញវត្ថុជាន់ខ្ពស់ពី ADB, ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ប្រចាំតំបន់ពី UNCDF និងថ្នាក់ដឹកនាំរបស់ ស.ធ.ក.។ សិក្ខាសាលានេះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ៣០០ នាក់មកពីស្ថាប័នផ្សេងៗ ដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ច។

ស.ធ.ក. ​គឺជា​សហគ្រាស​សាធារណៈ​ ​ស្ថិតនៅ​ក្រោម​អាណាព្យាបាល​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺ​ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​ក្រុមហ៊ុនអាជីវកម្ម។ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ស.ធ.ក. បានផ្តល់ការធានាលើកម្ចីចំនួន ១៧៣ ដែលមាន ទឹកប្រាក់សរុបជាង ២០ លានដុល្លារ។

 

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស. ២៥៦៥

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១

សាជីវកម្មធានាឥណទានកម្ពុជា

សេចក្តីជូនដំណឹង អំពីកម្រៃធានាឥណទានរបស់ ស.ធ.ក. នឹងមិនជាប់អាករលើតម្លៃបន្ថែម (VAT) ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១

សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) មានកិត្តិយស សូមជម្រាបជូនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាស្ថាប័នហិរញ្ញវត្ថុចូលរួម របស់ ... មេត្តាជ្រាបថា ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ កម្រៃធានាឥណទានរបស់ ... នឹងមិនជាប់អាករលើតម្លៃបន្ថែម (VAT) តទៅទៀតទេ បន្ទាប់ពីទទួលបានការបញ្ជាក់ពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  

ស.ធ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះស្ថាប័នហិរញ្ញវត្ថុចូលរួម ដែលបានប្រើប្រាស់ការធានាឥណទានរបស់ ស.ធ.ក. ដើម្បីផ្តល់កម្ចីដែលមានការធានា ជូនដល់បណ្តាក្រុមហ៊ុនអាជីវកម្ម នាពេលកន្លងមក។  

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ស.ធ.ក. តាមរយៈទូរស័ព្ទលេខ ០២៣ ៧២២ ១២៣ ឬអ៊ីម៉ែល [email protected]។ សូមអរគុណ៕ 

សេចក្តីជូនដំណឹង អំពីកម្រៃធានាឥណទានរបស់ ស.ធ.ក. នឹងមិនជាប់អាករលើតម្លៃបន្ថែម (VAT) ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១
សេចក្តីជូនដំណឹង អំពីកម្រៃធានាឥណទានរបស់ ស.ធ.ក. នឹងមិនជាប់អាករលើតម្លៃបន្ថែម (VAT) ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១

សេចក្តីប្រកាសព័ត៌មាន៖ ការដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ៥០លានដុល្លារ” ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដោយ សាជីវកម្មធានាឥណទានកម្ពុជា

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្តីសោមនស្សក្រៃលែង ក្នុងការប្រកាសដាក់ឱ្យដំណើរការនូវ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS)” ជាផ្លូវការ។ គម្រោង CFGS ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទានដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។ គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ខណៈដែលគម្រោង SCFS II មានគោលបំណងកាត់់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី​។

CGCC នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវជំហានទីមួយ នៃគម្រោង CFGS ដែលមានទឹកប្រាក់សរុប ៥០ លានដុល្លារអាមេរិក ដើម្បីធានាដល់ឥណទានដែលផ្តល់ក្រោមគម្រោង SCFSII។ គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះនឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។

CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC។ គួរបញ្ជាក់ថា CGCC បានដាក់ចេញ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនា ឆ្នាំ ២០២១ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹម         ថ្ងៃទី​​២១ ខែកញ្ញា ឆ្នាំ២០២១ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៨៥កម្ចី ដែលមានទំហំទឹកប្រាក់ប្រមាណ ១២លានដុល្លារ ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម តាមរយៈ​ PFIs របស់ CGCC។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវគម្រោង CFGS របស់ CGCC គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យ ជាមួយ PFIs។ គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង ២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ”

ម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានសញ្ជាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី៥០%) អាចទាក់ទងទៅកាន់ PFIs របស់ CGCC ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុ  ចូលរួម របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេប៊ីអេ, ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ធនាគារ ហ្វីលីព, ធនាគារភីភីស៊ីប៊ែង, ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី, ធនាគារ ស្ថាបនា និងធនាគារ វីង។  CGCC ស្វាគមន៍នូវកិច្ចសហការជិតស្និទ្ធជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ជាមួយនឹងគម្រោង CFGS។

សេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន រវាង សាជីវកម្មធានាឥណទានកម្ពុជា និង ស្ថាប័នហិរញ្ញវត្ថុចូលរួម ជុំទី ២

ថ្ងៃនេះ សាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម ជុំទី២ ដែលរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ ប្រេដ ប៊ែង, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និង ធនាគារ ស្ថាបនា។​ ការចាប់ដៃគូជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាថ្ងៃនេះ នឹងធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួមរបស់សាជីវកម្មធានាឥណទានកម្ពុជា សរុបកើនឡើងដល់ចំនួន ១៥។ ការចុះហត្ថលេខានេះ អនុញ្ញាតឱ្យសាជីវកម្មធានាឥណទានកម្ពុជា និង ស្ថាប័នហិរញ្ញវត្ថុចូលរួម សហការគ្នាក្នុងការផ្តល់ឥណទានដែលមានការធានា ដល់ក្រុមហ៊ុនអាជីវកម្មនានានៅកម្ពុជា។

ការកើនឡើងនៃចំនួនស្ថាប័នហិរញ្ញវត្ថុចូលរួម នឹងធ្វើឱ្យការផ្តល់ហិរញ្ញប្បទានដែលមានការធានាកាន់តែមានភាពទូលំទូលាយ, ប្រកួតប្រជែង, ព្រមទាំងផ្តល់ជម្រើស និងលទ្ធភាពកាន់តែច្រើនជូនដល់ក្រុមហ៊ុនអាជីវកម្ម ក្នុងការទទួលបានហិរញ្ញប្បទាន ​នៅទូទាំង​ប្រទេស។​ សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ដើម្បីផ្តល់ហិរញ្ញប្បទានជូនដល់ក្រុមហ៊ុនអាជីវកម្ម​ ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ដោយផ្តល់ការធានាដែលដើរតួជាទ្រព្យបញ្ចាំ ចន្លោះពី ៧០% ទៅ ៨០% នៃប្រាក់កម្ចី។ វត្តមានរបស់​សាជីវកម្មធានាឥណទានកម្ពុជា ធ្វើឱ្យក្រុមហ៊ុនអាជីវកម្ម មានលទ្ធភាពខ្ពស់ ក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម ទោះបីជាមិនមានទ្រព្យធានាគ្រប់គ្រាន់ក៏ដោយ។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បានលើកឡើងថា “យន្តការធានាឥណទាន គឺជាសេវាហិរញ្ញវត្ថុថ្មីនៅកម្ពុជា ដែលរំពឹងថាអាចចូលរួមដោះស្រាយបញ្ហារាំងស្ទះដល់ការផ្តល់ហិរញ្ញប្បទាន និងនាំមកនូវទម្លាប់ថ្មីនៃការផ្តល់ឥណទានរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នហិរញ្ញវត្ថុចូលរួម ចាប់យកឱកាសនៃភាពជាដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពមូលដ្ឋានអតិថិជន និងទីផ្សារឥណទានរបស់ខ្លួន តាមរយៈការផ្តល់ឥណទានថ្មីៗ ដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា។ ទន្ទឹមនេះ ដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នាក្នុងរយៈពេលវែងពីគម្រោងធានាឥណទាននេះ ការប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងការពង្រឹងអភិបាលកិច្ចរបស់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្នុងការវាយតម្លៃ និងត្រួតពិ​និត្យឥណទាន​របស់ក្រុមហ៊ុនអាជីវកម្ម គឺពិតជាមានសារៈសំខាន់ណាស់។”

CGCC បានដាក់ចេញគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ​ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ ២០២១ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតមីក្រូ សហគ្រាសធុនតូចនិងមធ្យម និងសហគ្រាសខ្នាតធំ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់ទុនបង្វិល, ការវិនិយោគ និងពង្រីកអាជីវកម្ម។ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២ ហើយការធានាឥណទាននឹងផ្តល់ជូនផ្អែកតាមគោលការណ៍ “មកមុន ទទួលបានមុន”។ រហូតមកដល់ពេលនេះ ការធានាចំនួន ១៨ករណី ត្រូវបានផ្តល់ជូនដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម។

ក្រុមហ៊ុនអាជីវកម្មដែលមានគុណវុឌ្ឍិ អាចទំនាក់ទំនងស្ថាប័នហិរញ្ញវត្ថុចូលរួម សម្រាប់គម្រោងធានាឥណទាន ឬទំនាក់ទំនងសាជីវកម្មធានាឥណទានកម្ពុជា ដោយផ្ទាល់ តាមរយៈគេហទំព័រ www.cgcc.com.kh ដើម្បីទទួលបានព័ត៌មានបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុចូលរួម ទាំង១៥ របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា,​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី,​ ធនាគារ ហ្វីលីព,​ ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី,​ និង ធនាគារ ស្ថាបនា។​ 

 

ថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

ភ្នំពេញថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១

សេចក្តីប្រកាសព័ត៌មាន ការដាក់ឱ្យដំណើរការគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម របស់សាជីវកម្មធានាឥណទានកម្ពុជា ទំហំ ២០០ លានដុល្លារ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសប្រកាសដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)” របស់សាជីវកម្មធានាឥណទានកម្ពុជា នៅថ្ងៃនេះ។​ BRGS មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ, ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ, និងការពង្រីកអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានដល់ PFIs ដើម្បីគាំទ្រដល់អាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។

កញ្ចប់ដំបូងនៃ BRGS នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារ ចំនួន ២០០ លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណទានពី PFIs របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព, និងធនាគារព្រីនស៍។ គម្រោងធានាឥណទាននេះនឹងត្រូវបានផ្តល់ជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលកំពុងរៀបចំខ្លួនដើម្បីក្លាយជា PFIs របស់សាជីវកម្មធានាឥណទានកម្ពុជា។ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បញ្ជាក់ថាការដាក់ឱ្យដំណើរការ BRGS របស់សាជីវកម្មធានាឥណទានកម្ពុជា គឺចំពេលក្នុងការគាំទ្រដល់អាជីវកម្មដែលគ្រោងស្នើសុំឥណទានពី PFIs ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ។ គម្រោងនេះ នឹងចូលរួមគាំទ្រដល់គោលនយោបាយរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល និងស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥​-២០២៥។ ឯកឧត្តមស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គាំទ្រដល់សាជីវកម្មធានាឥណទានកម្ពុជាតាមរយៈការចូលរួមជា PFIs និងពង្រឹងអភិបាលកិច្ចឥណទាន។

អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនសញ្ញាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី ៥០%) អាចទទួលបានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជាតាមរយៈ PFIs ខាងលើ ឬអាចចូលគេហទំព័រ www.cgcc.com.kh របស់សាជីវកម្មធានាឥណទានកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា ស្វាគមន៍នូវកិច្ចសហការជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម តាមរយៈ BRGS៕

ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមី​នា ឆ្នាំ២០២១