CGCC

CGCC គឺជា​យន្តការ​ក្នុង​ការស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ឡើងវិញ

ប្រតិបត្តិករ​ទេសចរណ៍​ត្រូវបំពេញ​នីតិវិធី និង​លក្ខខណ្ឌ​មួយចំនួន ​ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​ទ្រព្យបញ្ចាំ​ពី CGCC ដែល​អាច​យកទៅ​ប្រើប្រាស់​ក្នុងការ​ទទួល​បាន​ឥណទាន​ពី​គម្រោង​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ទេសចរ​នៅ​កម្ពុជា​។

នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ពី​ «​នីតិវិធី និង​លក្ខខណ្ឌ​ ដើម្បី​ទទួលបាន​លិខិត​បញ្ជាក់​ទ្រព្យ​បញ្ចាំ​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​»​ កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា លោក សុង តុងហាប់ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា នីតិវិធី និង​លក្ខខណ្ឌ​ ដើម្បី​ទទួល​បាន​លិខិតបញ្ជាក់​ទ្រព្យ​បញ្ចាំ​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា គឺជា​យន្តការ​បន្ថែម​ក្នុងការ​គាំទ្រ​គម្រោង​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ទេសចរ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​​១៧ ខែឧសភា​។

លោក តុងហាប់ បន្តថា កម្មវិធី​ធានា​ឥណទាន​បាន​ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បី​ផ្តល់​ការធានា​ឥណទាន​ទៅលើ​កម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម ដើម្បី​ចែករំលែក​នូវ​ហានិភ័យ​ជាមួយ​ស្ថាប័ន​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដោយ​ទទួល​បាន​ដើមទុន​ដំបូង​សមមូល​នឹង​ទឹកប្រាក់ ២០០ ​លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​។

លោក ណូ លីដា អគ្គនាយករង​នៃ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ថ្លែងថា អាជីវកម្ម​ទេសចរណ៍​ត្រូវ​បំពេញ​នូវ​គុណវុឌ្ឍិ​មួយចំនួន​ដូចជា អាជីវកម្ម​ដែលមាន​ម្ចាស់​ភាគហ៊ុន​សញ្ជាតិ​ខ្មែរ (​កាន់កាប់​ភាគហ៊ុន​លើសពី ​៥០​ ភាគរយ​, អាជីវកម្ម​បាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ពន្ធ ឬ​មិនបាន​ចុះបញ្ជី​ត្រូវតែ​ចុះបញ្ជី បន្ទាប់ពី​ទទួល​បាន​ការធានា​ឥណទាន និង​អាជីវកម្ម​ដែលមាន​លទ្ធភាព​សង​ត្រឡប់​វិញ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់ថា នីតិវិធី និង​លក្ខខណ្ឌ ដែល​ក្រសួង​ទេសចរណ៍ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ដាក់​ចេញ​នេះ ពិតជា​មាន​ភាពទាក់ទាញ​ខ្លាំង​ សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប្រតិបត្តិករ​បាន​ជួបប្រទះ​នៅពេល​ស្នើសុំ​កម្ចី​៕

(អត្ថបទពីកាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២)

CGCC ផ្តល់​ការធានា​ឥណទាន​ជាង ៤០០ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៤៥,៥ ​លាន​ដុល្លារ

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) បានផ្តល់​ការធានា​ឥណទាន​ដល់ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២២ ដែល​គិត​ជា​ទឹកប្រាក់ ៤៥,៥​ លាន​ដុល្លារ​ក្នុងនោះ​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម ​(SME) ​មាន​ចំនួន ៤៣១ ​ក្រុមហ៊ុន​។ នេះ​បើតាម​ព្រឹត្តិបត្រ​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​។

ទិន្នន័យ​បង្ហាញថា ឥណទាន​ដែល​ត្រូវ​ធានា​ដោយ CGCC មាន ៤៤៨ ក្រុមហ៊ុន​អាជីវកម្ម​ដែល​ស្មើនឹង​ទឹកប្រាក់​សរុប ៤៥,៥ ​លាន​ដុល្លារ​ក្នុងនោះ​ប្រភេទ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន​ចំនួន ៤៣១ និង​ខ្នាត​ធំ ១៧​។ ដោយឡែក​ក្នុងចំណោម​ ៤៤៨ ​ក្រុមហ៊ុន​អាជីវកម្ម​គឺមាន​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ស្ត្រី ១៣៨ ​។

សេវា​ធានា​ឥណទាន​កម្ពុជា គឺ​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់ឱ្យ​អាជីវកម្ម​ ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ននេះ​ CGCC ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​បញ្ចេញ​ដោយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ (PFIs) របស់ CGCC ទៅកាន់​អ្នកស្នើសុំ​កម្ចី ក្រោម​គម្រោង​ធានា​ឥណទាន​ដែល​បានដាក់​ចេញ​ដោយ CGCC​។

លោក ណូ លីដា អគ្គនាយករង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​លើកឡើង​ថា​៖ «​ការបង្រួម​គម្លាត​តម្រូវការ និង​ការផ្គត់ផ្គង់​ឥណទាន​ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច គឺ​ដើម្បី​ចែករំលែក​ហានិភ័យ​ជាមួយនឹង​ស្ថាប័ន​ផ្តល់​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ​»​។

លោក​លើកឡើង​ថា ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ពី​ការធានា​ឥណទាន ក្រុមហ៊ុន​អាជីវកម្ម​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ ដើម្បី​ស្នើសុំ​ទៅ PFIs ជាមុន​។

 

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែមិថុនា​ថា ការផ្តល់ និង​ការទទួល​បាន​នូវ​ឥណទាន​មួយ​ដែលមាន​ការធានា​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​លំនឹង​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរការ​ទៅមុខ​ដោយ​រលូន ជាពិសេស​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​វិបត្តិ​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា នៅពេល​វិស័យ​ហិរញ្ញវត្ថុ​មាន​ស្ថិរភាព​ល្អ ការបញ្ចេញ​ទុនវិនិយោគ និង​ការបង្កើត​ឱកាស​ការងារ​ថ្មីៗ​ក៏មាន​ច្រើន​ដែរ​។ ម្យ៉ាងទៀត​នៅពេល​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ទុន​គ្រប់គ្រាន់​វា​ក៏​ជួយ​ឱ្យ​ដំណើរការ​ផលិតកម្ម​មាន​កាន់តែ​ច្រើន​ និង​ជួយ​កាត់បន្ថយ​ការនាំចូល​ពី​បរទេស និង​បង្កើន​ការនាំចេញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការផ្តល់​ការធានា​ឥណទាន​បាន​ជួយ​ទាំង​ស្ថាប័ន​ផ្តល់​កម្ចី និង​អ្នកទទួល​កម្ចី​ (​ម្ចាស់​អាជីវកម្ម​) ឱ្យ​មាន​ទំនុកចិត្ត​រៀងៗ​ខ្លួន ព្រោះ​មុននឹង​ហ៊ាន​ធានា CGCC តែងតែ​មាន​លក្ខខណ្ឌ​ និង​ធ្វើការ​សិក្សា​ទៅលើ​ប្រភេទ​អាជីវកម្ម ឬ​ផលរបរ​របស់​អ្នកស្នើ​ឱ្យបាន​ច្បាស់​ជាមុនសិន​»​។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ​(CFGS) ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​កម្ចី​ដែល​បញ្ចេញ​ក្រោម គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​-​តូច និង​មធ្យម​កម្ពុជា​៕

អត្ថបទដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២

Click here to read about: CGCC recommends ways to Access to Guaranteed Loans

សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញពីការត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា

(អត្ថបទចុះផ្សាយលើសារព័ត៌មានថ្មីៗ៖ សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញពីការត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា) 

សេវាធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅគាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ។ បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ហៅថាកាត់ថា PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។ ដូច្នេះ ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីស្នើសុំកម្ចីទៅកាន់ PFIs ជាមុនសិន។ ការស្វែងយល់អំពីលក្ខណៈវិនិច្ឆ័យដែល PFIs ប្រើប្រាស់ដើម្បីវាយតម្លៃលើសំណើសុំឥណទាន អាចជួយឱ្យក្រុមហ៊ុនអាជីវកម្មត្រៀមខ្លួនបានល្អប្រសើរជាមុន ក្នុងការទទួលបានកម្ចីដែលមានការធានាពី CGCC។

សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញពីការត្រៀមខ្លួន ដើម្បីទទួលបាននូវឥណទានដែលមានការធានា

លក្ខខណ្ឌ (CONDITION)

Access to guaranteed loan with 5Cs of credit

មុនពេលអនុម័តកម្ចី ធនាគារត្រូវតែដឹងច្បាស់អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដែលសមស្របទៅនឹងគោលបំណងនៃកម្ចីនោះ។ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់ជូនធនាគារ អំពីគោលបំណងនៃកម្ចី និងទំហំកម្ចីដោយរបៀបណា? ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភាពជឿទុកចិត្តបាន គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចឱ្យធនាគារវាយតម្លៃលើទំហំកម្ចីដែលត្រូវការ និងគោលបំណងនៃកម្ចីរបស់អ្នកខ្ចីបាន។ ពិតណាស់ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ មិនត្រឹមតែអាចជួយក្រុមហ៊ុនអាជីវកម្មឱ្យស្នើសុំកម្ចីបានងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយក្រុមហ៊ុនអាជីវកម្មវាយតម្លៃលើស្ថានភាពអាជីវកម្មរបស់ខ្លួន ដើម្បីរៀបចំផែនការ​សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលអនាគតផងដែរ។ ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ អាចជួយកំណត់ទំហំកម្ចី​ និងលទ្ធភាពនៃការសងត្រឡប់ ឱ្យកាន់តែមានភាពសុក្រិត។​ ការកំណត់ទំហំកម្ចីឱ្យបានត្រឹមត្រូវ ពិតជាសំខាន់។ ការទទួលបានកម្ចីច្រើនហួស ធ្វើឱ្យអ្នកខ្ចីខាតបង់ការប្រាក់ ថ្លៃរដ្ឋបាល ថ្លៃពិន័យក្នុងការសងមុនកាលកំណត់ និងថ្លៃសេវាផ្សេងៗទៀត។ ផ្ទុយទៅវិញ ការទទួលបានកម្ចីមិនបានគ្រប់គ្រាន់រាំងស្ទះដល់ការរីកចម្រើនរបស់ក្រុមហ៊ុនអាជីវកម្មឱ្យអស់សក្តានុពល។ កត្តា “លក្ខខណ្ឌ (Condition)” គឺជាលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង៥ ដែលធនាគារប្រើប្រាស់ក្នុងការវាយតម្លៃសំណើសុំកម្ចី។

ទ្រព្យបញ្ចាំ​ (COLLATERAL)

Access to guaranteed loan with 5Cs of credit

នៅពេលកត្តា “លក្ខខណ្ឌ” ត្រូវបានបំពេញ​ ធនាគារក៏មានលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនអាជីវកម្មមាន “ទ្រព្យបញ្ចាំ” ដើម្បីការពារធនាគារពីការខាតបង់ ក្នុងករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន។ ជាទូទៅ ធនាគារអាចផ្តល់កម្ចីទំហំត្រឹមប្រមាណ ៧០% នៃតម្លៃទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ បានក្លាយឧបសគ្គចម្បងមួយ សម្រាប់ក្រុមហ៊ុនអាជីវកម្មក្នុងការទទួលបានកម្ចីពីធនាគារ។ យោងលើសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ៦៦% នៃអាជីវកម្មខ្នាតតូច និងមធ្យម ដែលបានស្នើសុំកម្ចីទៅកាន់ធនាគារ ត្រូវបានបដិសេធ ដោយសារមូលហេតុខ្វះទ្រព្យបញ្ចាំ។​ CGCC ត្រូវបានបង្កើតឡើង ដើម្បីចូលរួមដោះស្រាយបញ្ហានេះ​។ CGCC​ ផ្តល់ការធានាឥណទានដែលដើរតួជំនួសឱ្យទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម ទៅកាន់ធនាគារ។ នៅពេលមានការធានាពី CGCC ធនាគារអាចវាយតម្លៃសំណើសុំខ្ចីពីក្រុមហ៊ុនអាជីវកម្ម ដោយចាត់ទុកការធានាឥណទានរបស់ CGCC ជាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ការអនុវត្តនេះ អាចកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ​ សម្រាប់ក្រុមហ៊ុនអាជីវកម្មនៅពេលស្នើសុំកម្ចី។

សមត្ថភាព (CAPACITY)

Access to guaranteed loan with 5Cs of creditសមត្ថភាពសងត្រឡប់ គឺជាតម្រូវការជាមូលដ្ឋាន របស់ធនាគារក្នុងការអនុម័តកម្ចី។ ការបំពេញបាននូវកត្តា “លក្ខខណ្ឌ” និង “ទ្រព្យបញ្ចាំ” ខាងលើ មិនទាន់គ្រប់គ្រាន់ដើម្បីឱ្យធនាគារអនុម័តកម្ចី ហើយ CGCC ក៏មិនទាន់អាចផ្តល់ការធានាឥណទានជូននៅឡើយទេ ប្រសិនបើអ្នកខ្ចីមិនអាចបញ្ជាក់បានអំពីសមត្ថភាពគ្រប់គ្រាន់ក្នុងការសងត្រឡប់កម្ចីនោះវិញ។​ តើក្រុមហ៊ុនអាជីវកម្មអាចបញ្ជាក់អំពីសមត្ថភាពសងបានយ៉ាងដូចម្តេច? ជាថ្មីម្តងទៀត ផែនការអាជីវកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ​ដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងដ៏ល្អ។ របាយការណ៏ហិរញ្ញវត្ថុ អាចបង្ហាញពីទ្រព្យសកម្ម បំណុល ដើមទុន ចំណូល និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនអាជីវកម្ម ដែលព័ត៌មានទាំងនេះ​ គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ក្នុងការវាយតម្លៃអំពីសមត្ថភាពសងរបស់ក្រុមហ៊ុនអាជីវកម្ម។ ចំណែកឯ ផែនការអាជីវកម្ម អាចបង្ហាញពីសកម្មភាពអាជីវកម្ម និងចំណូលនាពេលអនាគត​ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់អំពីសមត្ថភាពសងត្រឡប់ផងដែរ។

ដើមទុន (CAPITAL)

Access to guaranteed loan with 5Cs of credit

នៅពេលផ្តល់កម្ចីអាជីវកម្ម ធនាគារតែងតែចង់ដឹងអំពីចំនួនដើមទុនដែលអ្នកខ្ចី​ បានដាក់វិនិយោគក្នុងក្រុមហ៊ុន។ កត្តា “ដើមទុន” មានសារៈសំខាន់ ព្រោះទំហំដើមទុនរបស់អ្នកខ្ចី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកខ្ចីចំពោះក្រុមហ៊ុនអាជីវកម្មនោះ។ តើអ្នកខ្ចីអាចបញ្ជាក់ជូនធនាគារអំពីកត្តាដើមទុនដោយវិធីណា? របាយការណ៏​ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដា អាចបញ្ជាក់អំពីទំហំដើមទុនរបស់ម្ចាស់ក្រុមហ៊ុនក្នុងក្រុមហ៊ុនអាជីវកម្មនោះ។ ឯកសារផ្លូវការមួយចំនួនទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូ និងការចុះបញ្ជីក្រុមហ៊ុន គឺជាភស្តុតាងដែលអាចជឿទុកចិត្តបាន ដើម្បីបញ្ជាក់អំពីទំហំវិនិយោគរបស់អ្នកខ្ចី​ ទៅក្នុងក្រុមហ៊ុនអាជីវកម្ម។ ជាធម្មតា ធនាគារមានភាពលំបាកក្នុងការវាយតម្លៃក្រុមហ៊ុនដែលមិនបានចុះបញ្ជី ដោយសារតែកង្វះឯកសារដែលអាចជឿទុកចិត្តបាន ដើម្បីវាយតម្លៃសំណើសុំខ្ចី។ នេះជាមូលហេតុនៃការជំរុញ និងការលើកទឹកចិត្ត ឱ្យក្រុមហ៊នអាជីវកម្ម គួរចុះបញ្ចីឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន។

ចរិតលក្ខណៈ (CHARACTER)

Access to guaranteed loan with 5Cs of credit

កត្តាមួយទៀតដែលបញ្ជាក់ពីលទ្ធភាពសងត្រឡប់ គឺចរិតលក្ខណៈរបស់អ្នកខ្ចី។ ជាការកត់សម្គាល់ ធនាគារពិនិត្យមើលប្រវតិ្តឥណទានរបស់អ្នកខ្ចី​ ដូចជា ប្រវត្តិនៃការសងត្រឡប់ ចំនួនកម្ចី និងទំហំកម្ចីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ជាដើម ដើម្បីវាយតម្លៃអំពីភាពជឿទុកចិត្តបានរបស់អ្នកខ្ចី។ បច្ចុប្បន្ន ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កត់ត្រា និងផ្តល់នូវរបាយការណ៏កម្ចីឥណទានរបស់បុគ្គល និងអាជីវកម្ម ដែលអាចគាំទ្រដល់ធនាគារ ក្នុងការវាយតម្លៃអំពីចរិតលក្ខណៈរបស់អ្នកខ្ចី។ យ៉ាងណាក៏ដោយ ក្នុងករណីមានប្រវត្តិឥណទានមិនល្អ អ្នកខ្ចីត្រូវតែពង្រឹងគុណភាពនៃកត្តាផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីគួបផ្សំនឹងកត្តាចរិតលក្ខណៈ។ ជាក់ស្តែង ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុនអាជីវកម្មជាច្រើនជួបប្រទះនូវបញ្ហាប្រឈម ដែលនាំឱ្យការសងត្រឡប់កម្ចីមានភាពយឺតយ៉ាវ ឬមិនអាចសងត្រឡប់កម្ចីទាំងស្រុងតែម្តង ដែលកត្តានេះជះឥទ្ធិពលអវិជ្ជមាន ដល់កត្តាចរិតលក្ខណៈ និងកត្តាដើមទុនរបស់ក្រុមហ៊ុនអាជីវកម្ម។ ក្នុងករណីនេះ ដើម្បីទទួលបានកម្ចី អ្នកខ្ចីត្រូវ បង្ហាញផែនការអាជីវកម្មដែលសក្តានុពល និងមានភាពច្បាស់លាស់ និងអាចប្រើប្រាស់សេវាធានាឥណទានរបស់ CGCC ដើម្បីបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំ។

 

ដូចបានរៀបរាប់ពីខាងលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) ដែលរួមមាន លក្ខខណ្ឌ (Condition) ទ្រព្យបញ្ចាំ (Collateral) សមត្ថភាព (Capacity) ដើមទុន (Capital) និងចរិតលក្ខណៈ (Character) គឺជាកត្តាសំខាន់ ដែលធនាគារជាទូទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការវាយតម្លៃអ្នកខ្ចី មុននឹងអនុម័តកម្ចីណាមួយ។ ដូច្នេះ ការពង្រឹងគុណភាពលក្ខណៈវិនិច្ឆ័យទំាងប្រាំ (5Cs) អាចជួយឱ្យអ្នកខ្ចីមានឱកាសខ្ពស់ជាងមុន ក្នុងការទទួលបានកម្ចីពីធនាគារ។ ក្នុងនោះ របាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម​ដែលមានភាពជឿទុកចិត្តបាន អាចត្រូវបានប្រើប្រាស់ សម្រាប់ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យទំាងប្រាំ ខណៈសេវាធានាឥណទាន អាចជួយបង្កើនគុណភាពនៃកត្តាទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម៕

(ដកស្រង់ពីអត្ថបទដើមជាភាសាអង់គ្លេសនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាស លេខទី២ របស់សាជីវកម្មធានាឥណទានកម្ពុជា៖ ព្រឹត្តិបត្រព័ត៌មានលេខទី២ (ខែមករា-មីនា ឆ្នាំ២០២២)

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដាក់​ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី ទំហំ ៣០​ លាន​ដុល្លារ

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) មាន​កិត្តិយស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នូវ «គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី» ដែល​មាន​ទំហំ​សរុប ៣០​លាន​ដុល្លារ ចាប់​ពី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ ២០២២ នេះ​ត​ទៅ ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ស្រ្តី ជាពិសេស សហគ្រិន​ស្ត្រី​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​នៅពេល​ស្នើសុំ​កម្ចី ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ផ្លូវការ​ច្រើន​ជាង​មុន និង​ងាយស្រួល​ជាង​មុន សម្រាប់​ទុន​បង្វិល និង​ពង្រីក​អាជីវកម្ម។

គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី ត្រូវ​បាន​រៀបចំ​ឡើង​ស្របតាម «ក្របខណ្ឌ​យុទ្ធសាស្រ្ត និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣» របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ឱ្យ​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បង្កើន​ការ​ផ្តល់​ឥណទាន​បន្ថែម តាម​រយៈការ​កែ​សម្រួល​លក្ខខណ្ឌ​ធានា​ឥណទាន ដោយ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​ការ​ធានា​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​អនុគ្រោះ។

គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី មាន​គោល​បំណង​បង្កើន​ការ​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី និង​អាជីវកម្ម​ដែល​គ្រប់គ្រង និង​ដឹកនាំ​ដោយ​ស្ត្រី​ឱ្យ​ទទួល​បាន​ហិរញ្ញប្បទាន​ផ្លូវការ តាម​រយៈការ​ធានា​ឥណទាន​របស់ CGCC លើ​កម្ចី រហូត​ដល់ ៨០% នៃ​ទំហំ​កម្ចី សម្រាប់​គ្រប់​វិស័យ ជាមួយ​នឹង​លក្ខខណ្ឌ​អនុគ្រោះ​ផ្សេងៗ​ទៀត។ គម្រោង​នេះ​ផ្តល់​ការ​ធានា​ឥណទាន លើ​គ្រប់​ប្រភេទ​កម្ចី រួម​មាន​កម្ចី​មាន​កាល​កំណត់ ឥណទាន​វិបារូបរ៍ ឥណទាន​ពាណិជ្ជកម្ម។ លោក​អ្នក​អាច​ទាញ​យក​លក្ខខណ្ឌ​លម្អិត​នៃ​គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្ត្រី តាម​រយៈគេហទំព័រ CGCC: www.cgcc.com.kh​​

គម្រោង​ធានា​ឥណទាន​សម្រាប់​សហគ្រិន​ស្រ្តី​នេះ គឺជា​គម្រោង​ធានា​ឥណទាន​ទី៣ របស់ CGCC បាន​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​កន្លងមក។ គិត​ត្រឹម​ចុង​ខែមីនា ឆ្នាំ​២០២២ CGCC បាន​ផ្តល់​ការ​ធានា​ឥណទាន​លើ​កម្ចី​ទៅ​កាន់​ក្រុមហ៊ុន​អាជីវកម្ម​ប្រមាណ ៣០០ ដែល​ក្នុង​នោះ អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្រ្តី​មាន​ប្រមាណ ៣០% នៃ​អាជីវកម្ម​សរុប​ដែល​ទទួល​បាន​ការ​ធានា​ឥណទាន។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទៅ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ CGCC តាម​រយៈតំណភ្ជាប់​នេះ៖ https://www.facebook.com/officialcgcc ឬ ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ ០២៣ ៧២២ ១២៣។

(អត្ថបទពី៖ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២)

CGCC សហការ​ជាមួយ UNDP ជួយ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ស្ត្រី

ភ្នំពេញៈ កម្ពុជា​មាន​គោលដៅ​ពង្រឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​តាមរយៈ​កម្មវិធី​ធានា​ឥណទាន និង​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ដែល​ដឹកនាំ​ដោយ​ស្ត្រី ដែលជា​ផ្នែក​មួយ​នៃ​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃទី​ ២៥ ខែមីនា ឆ្នាំ​ ២០២២ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC)​ បានរួម​គ្នា​រៀបចំ​សន្និបាត​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ប្រមូល​ធាតុ​ចូល និង​ចំណេះដឹង​ពី​អ្នកចូលរួម​ជុំវិញ​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ (MSMEs) ​ដែល​ដឹកនាំ​ដោយ​ស្ត្រី​។

នៅក្នុង​ព្រឹត្តិការណ៍​នេះ​មានការ​បង្ហាញ​លទ្ធផល​សំខាន់ៗ​ដកស្រង់​ចេញពី​របាយការណ៍​របស់ UNDP ដែល​នឹងត្រូវ​ចេញផ្សាយ​នាពេល​ខាងមុខ នៅក្រោម​ប្រធានបទ​កម្មវិធី​ធានា​ឥណទាន​សាធារណៈ​នៅ​កម្ពុជា​សម្រាប់​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែលមាន​អ្នកគ្រប់គ្រង​ជា​ស្ត្រី​។ របាយការណ៍​នេះ​បាន​រកឃើញ​ថា បញ្ហា​ប្រឈម​ធំៗ​ជាងគេ​ដែល MSMEs ជួបប្រទះ​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​រួមមាន​ដូចជា ការតម្រូវ​ឱ្យមាន​ការ​ដាក់​ទ្រព្យ​បញ្ចាំ​ដើម្បី​ទទួលបាន​កម្ចី​លក្ខខណ្ឌ​ផ្តល់​កម្ចី​តឹងរ៉ឹង ដោយ​ពុំមាន​ការពិចារណា​ពី​ប្រតិបត្តិការ​អាជីវកម្ម​របស់ MSMEs អត្រា​ការប្រាក់​ខ្ពស់​រយៈពេល​សង​កម្ចី​ខ្លី និង​សមត្ថភាព​គ្រប់គ្រង​របស់ MSMEs ព្រមទាំង​កង្វះខាត​ឯកសារ​ហិរញ្ញវត្ថុ និង​ឯកសារ​គាំទ្រ​ដទៃទៀត​។

លោកស្រី AlissarChaker អ្នកតំណាង​ UNDP ប្រចាំ​កម្ពុជា​បាន​និយាយថា សហគ្រិន​ជា​ស្ត្រី​មិនទាន់​ទទួល​សេវា​ឱ្យបាន​គ្រប់គ្រាន់​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នោះឡើយ បើទោះជា ៦១ ​ភាគរយ នៃ​អាជីវកម្ម​ទាំងអស់​នៅ​កម្ពុជា​មាន​ម្ចាស់​ជា​ស្ត្រី​ក៏ដោយ​មាន​សហគ្រិន​ស្ត្រី​ត្រឹមតែ ៣ ​ភាគរយ ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ជា​ផ្លូវការ (​របាយការណ៍​ធនាគារ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៩)​។

លោកស្រី Chaker បាន​បញ្ជាក់ថា​៖ «UNDP និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​កំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការពន្លឿន​ការលើកកម្ពស់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដល់​ស្ត្រី​។ សហគ្រិន​ជា​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​តាមដាន​ព័ត៌មាន​ស្តីពី​សេវា​ហិរញ្ញវត្ថុ​ និង​សេវា​មិនមែន​ហិរញ្ញវត្ថុ​ដែលមាន​នៅក្នុង​ទីផ្សារ​ដូចជា​កម្មវិធី​ធានា​ជា​សាធារណៈ​ជាដើម​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ​ និង​ពង្រីក​ជម្រើស​ដើម្បី​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ខ្លួនឯង​»​។

លោក Wong Keet Loong ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​ CGCC បាន​និយាយថា ផ្អែក​តាម​វឌ្ឍនភាព​នៃ​ការធានា​ឥណទាន​កន្លងមក​សហគ្រាស​ភាគច្រើន​ដែល​ទទួលបាន​កម្ចី​មានការ​ធានា គឺជា​សហគ្រាស​ខ្នាតតូច និង​មធ្យម (៩៦ ​ភាគរយ​)​។ ទោះ​យ៉ាងនេះ​ក្ដី​នៅក្នុង​ចំណោម​អាជីវកម្ម​ទាំងអស់​ដែល​បាន​ទទួលបាន​កម្ចី​មានការ​ធានា មាន​ត្រឹមតែ ២៥ ​ភាគ​-​រយ ប៉ុណ្ណោះ​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​ធានា​ឥណទាន​ថ្មី​របស់ CGCC ដែល​ត្រូវ​ប្រកាស​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​ថ្ងៃនេះ​ត្រូវបាន​បង្កើតឡើង​ជាពិសេស សម្រាប់​ម្ចាស់​អាជីវកម្ម MSMEs ជា​ស្ត្រី​ក្នុង​គោលបំណង​បង្រួម​គម្លាត​ហិរញ្ញប្បទាន​រវាង​សហគ្រិន​ជា​ស្ត្រី​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ​នានា​»​។

របាយការណ៍ UNDP ប៉ាន់ប្រមាណ​ថា កម្មវិធី​ធានា​ឥណទាន​សាធារណៈ​នឹង​ផ្តល់នូវ​ផល​ជា​វិជ្ជមាន​យ៉ាងច្រើន​ដល់​ផលិតផល​សរុប​ក្នុងស្រុក (​ផ.ស.ស​.) ​របស់​កម្ពុជា និង​ការបង្កើត​ការងារ​សម្រាប់​វិស័យ​​ធំៗ​ចំនួន ២ គឺ វិស័យ​កសិកម្ម​បដិសណ្ឋារកិច្ច (​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​)​។ របាយការណ៍​នេះ​ឱ្យដឹងទៀតថា រៀងរាល់​ការវិនិយោគ ១០០ លាន​ដុល្លារ​ក្នុង​វិស័យ​កសិកម្ម​នឹង​នាំឱ្យមាន​ការផ្តល់​នូវ​តម្លៃ​បន្ថែម​ប្រមាណ ២២១ លាន​ដុល្លារ​ដល់​ ផ.ស.ស. ដែល​ត្រូវបាន​កែសម្រួល​ទៅតាម​អត្រា​អតិផរណា​ក្នុងប្រទេស ឬ ផ.ស.ស. ពិត​និង​មានការ​បង្កើត​ការងារ​ចំនួន ៤៨ ៧៣៧ កន្លែង​។ ផល​ដែល​បាន​ពី​ការវិនិយោគ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ ២០១ លាន​ដុល្លារ​ជាមួយនឹង​សក្ដានុពល​បង្កើត​ការងារ​ចំនួន​ ១៦ ២២៦ កន្លែង (១ ១៣០ ការងារ​សម្រាប់​ស្ត្រី​)៕

អត្ថបទពី៖ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៨ ខែមករា

Click here to read about: Female Entrepreneurs Essential to Cambodian Growth

ការបង្ហាញគំនិតសាជីវកម្មថ្មីធានាឥណទានកម្ពុជា

អត្ថបទពី ៖ ខ្មែរថាមស៍ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាច្រើនត្រូវការហិរញ្ញប្បទានដើម្បីជួយពួកគេ ហើយនេះគឺជាកន្លែងដែលរដ្ឋាភិបាលកំពុងព្យាយាមផ្សព្វផ្សាយទ្រព្យសម្បត្តិទូទាំងប្រទេស ហើយមិនមែនសម្រាប់តែប្រជាជនដែលធ្វើបានល្អនោះទេ។ ជា​មូលដ្ឋាន យើង​ចង់​ធ្វើ​ការ​ផ្លាស់​ប្តូរ​សម្រាប់​ប្រជាជន​ដូចជា​អ្នក​នៅ​តាម​ខេត្ត​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពួក​គេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ភ្លើងខៀវជាផ្លូវការនៅខែសីហា ឆ្នាំ ២០២០ ដោយជាផ្នែកនៃផែនការស្តារឡើងវិញរបស់រដ្ឋាភិបាលក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបង្កើតក្រុមហ៊ុនរដ្ឋដែលជា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានណែនាំគំនិតថ្មី ហិរញ្ញវត្ថុធុរកិច្ចនៅកម្ពុជា ដែលត្រូវបានសាកល្បង និងសាកប្រើប្រាស់នៅកន្លែងផ្សេង។

ធានាឥណទាន ដែល CGCC ផ្តល់ជូនត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្មដែលមានសក្ដានុពលល្អក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ ទោះបីពកគេមិនមានវត្ថុបញ្ចាំដែលជាធម្មតាតម្រូវឲ្យបម្រុងទុកក៏ដោយ។ ក៏អាចផ្តល់ឲ្យពួកគេនូវឱកាសផ្អែកលើគុណសម្បត្តិដែលជារឿយៗខ្វះខាតនៅកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs)។

លោក Wong Keet Loong នាយកប្រតិបត្តិនៃក្រុមហ៊ុន CGCC បានប្រាប់កាសែតខ្មែរថាមស៍ថា៖ «ការធានាឥណទានគឺថ្មីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនមែននៅក្នុងតំបន់នោះទេ ព្រោះប្រទេសណាដែលចង់អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ចាំបាច់ត្រូវមានអង្គការធានាឥណទានដើម្បីជួយពួកគេឲ្យបន្តការខ្ចី»។

ដោយមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី លោក Wong បានមកដល់ទីក្រុងភ្នំពេញក្នុងកំឡុងខែដែលមានជំងឺកូវីដ-១៩ នៅឆ្នាំ ២០២០ ដើម្បីដំណើរការក្រុមហ៊ុន និងជួយក្រសួងជំរុញកំណើន SMEs និង MSMEs ដែលមានចំនួន ៧០ ភាគរយនៃកម្លាំងការងារនៅក្នុងប្រទេសកម្ពុជា និង ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស​ ក៏ដូចជាការផ្តល់ការធានាប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនធំៗផងដែរ។

លោកពេញចិត្តនឹងវឌ្ឍនភាពដែល CGCC បានធ្វើក្រោមការការពាររបស់លោក។

លោកនិយាយថា៖ «យើងបានចាប់ផ្តើមគ្រោងការណ៍ដំបូងរបស់យើង គឺគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) នៅថ្ងៃទី ២៩ ខែមីនាឆ្នាំមុន។ វាគឺជាផ្នែកមួយនៃជំនួយកូវីដ-១៩ របស់រដ្ឋាភិបាល ហើយមកទល់នឹងពេលនេះ យើងបានធ្វើការធានាប្រហែល ២៧៥ ដែលសរុបជាទឹកប្រាក់ប្រហែល ២៨ លានដុល្លារ។ ខ្ញុំអាចនិយាយបានថា អាជីវកម្មប្រហែល ២៧៥ បានទទួលអត្ថប្រយោជន៍ពីការធានានេះ ដូច្នេះខ្ញុំគិតថា វាកំពុងដំណើរការទៅយ៉ាងរលូន»។

លោកបានពន្យល់ពីរបៀបដែលមនុស្សចង់ទទួលបានដោយខ្លួនឯងពីការធានាប្រាក់កម្ចី CGCC សម្រាប់អាជីវកម្មរបស់ពួកគេដែលអាចស្នើសុំពីធនាគារដៃគូ ដែលនឹងវាយតម្លៃការដាក់ពាក្យរបស់ពួកគេមុនពេលចែករំលែកវាជាមួយ CGCC ដែលនឹងសម្រេចចិត្តថាតើត្រូវចេញការធានាឬអត់។

នៅលើគេហទំព័ររបស់ CGCC មានស្ថិតិ និងព័ត៌មានគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលបង្ហាញសកម្មភាព និងដំណើរការរបស់ក្រុមហ៊ុន ដោយមានព័ត៌មានប្រចាំខែ ព្រឹត្តិបត្រព័ត៌មានចុងក្រោយបំផុត និងពន្យល់ដល់អ្នកទស្សនាពីរបៀបដាក់ពាក្យស្នើសុំការធានាឥណទានសម្រាប់អាជីវកម្មរបស់ពួកគេ។ រហូតមកដល់ពេលនេះ សហគ្រាសធុនតូច និងមធ្យម គឺជាអ្នកទទួលការធានាធំជាងគេ ដែលបង្កើតបាន ៩០ ភាគរយនៃចំនួនពួកគេជាមួយនឹងចំនួនតិចជាង ៥០០០០ ដុល្លារ និងតូចរហូតដល់ ១០០០ ដុល្លារ ដែលរួមមានប្រាក់កម្ចីភាគច្រើនដែលផ្តល់ការធានាដោយ CGCC ។

លោក Wong និយាយថា៖ «ម្ចាស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមជាច្រើនត្រូវការហិរញ្ញប្បទានដើម្បីជួយពួកគេ ហើយនេះគឺជាកន្លែងដែលរដ្ឋាភិបាលកំពុងព្យាយាមផ្សព្វផ្សាយទ្រព្យសម្បត្តិនៅទូទាំងប្រទេស ហើយមិនមែនសម្រាប់តែប្រជាជនដែលធ្វើបានល្អនោះទេ។ ជាមូលដ្ឋាន យើងចង់ធ្វើការផ្លាស់ប្តូរសម្រាប់ប្រជាជនដូចជាអ្នកនៅក្នុងខេត្ត ដើម្បីជួយលើកកំពស់ជីវភាពរបស់ពួកគេ។ អ្នកដែលអាចពិនិត្យមើលទិន្នន័យនៃអាជីវកម្ម បានស្នើសុំការធានាប្រាក់កម្ចីដែលប្រមូលបានដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែល CGCC ចាប់ដៃគូជាមួយ ដើម្បីផ្តល់ប្រាក់កម្ចី។ ទោះ​​យ៉ាង​ណា លោក​បាន​កត់​សម្គាល់​ថា ការងារ​មិន​បាន​មក​ដោយ​គ្មាន​ការ​លំបាក​នោះ​ទេ។

លោកបន្តថា៖ «ដោយសារការធានាឥណទានមានសភាពថ្មីនៅកម្ពុជា បុគ្គលិកធនាគារ និងម្ចាស់អាជីវកម្មមួយចំនួនមិនទាន់យល់នៅឡើយទេថា តើវាអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេដោយរបៀបណា ពីព្រោះជាប្រពៃណីនៅពេលដែលធនាគារចង់ខ្ចីប្រាក់នៅទីនេះ អ្វីដំបូងដែលពួកគេសួរគឺវត្ថុបញ្ចាំដែលពួកគេមាន។ អ្នក​ត្រូវ​តែ​អប់រំ​ទាំង​បុគ្គលិក​ធនាគារ និង​អតិថិជន។ យើងនិយាយជាមួយនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងកំពូលរបស់ធនាគារ ពួកគេយល់ ប៉ុន្តែខ្ញុំបានរកឃើញការផ្សព្វផ្សាយព័ត៌មានរវាងអ្នកគ្រប់គ្រងសាខា និងអ្នកលក់ អ្នកដែលប្រឈមមុខនឹងអតិថិជននៅមានភាព​ខ្វះ​ខាត»។

បញ្ហាមួយទៀតដែលលោក Wong ជួបប្រទះគឺការភ័យខ្លាចពីអាយុដែលរាលដាលដល់សហគមន៍ធនាគារនៅទីនេះ ព្រោះមនុស្សប្រើប្រាស់ប្រព័ន្ធដែលលាយបញ្ចូលគ្នារ។

លោកនិយាយថា៖ «ធនាគារិកក៏មានការព្រួយបារម្ភផងដែរថា ប្រសិនបើអតិថិជនដឹងថា CGCC ជារបស់រដ្ឋាភិបាល នោះពួកគេអាចនឹងមានការប្តេជ្ញាចិត្តតិចជាងក្នុងការសងប្រាក់កម្ចី។ ខ្ញុំ​អាច​យល់​ពី​ការ​ភ័យ​ខ្លាច​នេះ​ដោយ​ផ្អែក​លើ​ការ​រំលោភ​បំពាន​ប្រព័ន្ធ​ដែល​បាន​រាយការណ៍​កាលពី​អតីតកាល»។

ការងារនេះរួមមានការផ្តល់ប្រាក់កម្ចីមិនមានសុវត្ថិភាព ដែលបង្កើតបានស្ទើរតែ ៨០ ភាគរយនៃប្រាក់កម្ចីដែលធានាដោយ CGCC ។

លោកបន្តថា៖ «ធនាគារ​មិន​ធ្វើ​ការ​ផ្តល់ប្រាក់កម្ចីមិនមានសុវត្ថិភាព​ក្នុងចំនួន​ធំ​ទេ ​ព្រោះ​ពួកគេ​បារម្ភ​ពីភាព​មិន​ទទួល​ខុស​ត្រូវ ​ឬ​ភាព​ស្មោះត្រង់របស់​មនុស្ស​។ ប៉ុន្តែនៅពេលដែលប្រទេសមានភាពចាស់ទុំ ហើយនៅពេលដែលអ្នកខ្ចីមានភាពចាស់ទុំ ការផ្តល់ប្រាក់កម្ចីមិនមានសុវត្ថិភាពនឹងមកដល់ ទោះបីជាវាត្រូវការពេលបន្តិចក៏ដោយ»។

ចំពោះម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលដាក់ពាក្យស្នើសុំកម្ចី លោក Wong កត់សម្គាល់ថា កម្រិតនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមពួកគេ ជាទូទៅត្រូវកែលម្អផងដែរ៖ «ខ្ញុំក្រឡេកមើលកម្មវិធីកម្ចីមួយចំនួន និងវិធីដែលពួកគេគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ដូចជាការចំណាយធៀបនឹងការចំណាយរបស់ពួកគេ។ ការចំណាយអាជីវកម្ម និងការចំណាយផ្ទាល់ខ្លួនគឺជារឿងពីរផ្សេងគ្នា ប៉ុន្តែភាគច្រើនអ្នកលឺថាអាជីវកម្ម និងបុគ្គលគឺដូចគ្នា។ នៅ​ពេល​ដែល​អ្នក​បើក​អាជីវកម្ម​របស់​អ្នក អ្នក​ត្រូវ​ប្រាកដ​ថា​ពួកគេ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា»។

ខណៈលោកបានទទួលស្គាល់យុទ្ធនាការ តោះ និយាយពីលុយ – Let’s Talk Money របស់ NBC ដើម្បីបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុតាមរយៈការអប់រំ៊ លោកមានការណែនាំថ្មីសម្រាប់របៀបដែលធនាគារអាចដើរតួនាទីយ៉ាងសំខាន់តាមរយៈការបង្កើនឌីជីថលនៃសេវាកម្មរបស់ពួកគេ។

លោកបន្ថែមថា៖ «សង្ឃឹមថា ជំនួសឲ្យការគ្រាន់តែប្រើកម្មវិធីដើម្បីធ្វើប្រតិបត្តិការ FI’s អាចដាក់ការអប់រំនៅក្នុងកម្មវិធីរបស់ពួកគេ។ ខ្ញុំប្រាកដថាអ្នកជំនាញផ្នែកឌីជីថលដែលពួកគេមានគឺមានភាពច្នៃប្រឌិត ដូច្នេះពួកគេអាចបង្កើតវាទៅជាអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍ ដែលនឹងជួយមនុស្សឲ្យប្រើប្រាស់កម្មវិធីកាន់តែច្រើនដោយការផ្តល់នូវអាករ​លើ​តម្លៃបន្ថែមផងដែរ»។

បន្ថែមពីលើកំណើនដែលរំពឹងទុកសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឌីជីថលក្នុងប៉ុន្មានឆ្នាំខាងមុខ លោក Wong មើលឃើញពីសក្តានុពលក្នុងការដំណើរការផលិតកម្មកសិកម្មដ៏ធំនៅកម្ពុជា ដែលជាអ្វីដែលប្រទេសជិតខាងដូចជាវៀតណាមទទួលបានផលចំណេញរួចទៅហើយ។

លោកលើកឡើងថា៖ «​នៅ​កម្ពុជា​មិន​មានឧស្សាហកម្មខាងក្រោម​គ្រប់គ្រាន់​ទេ។ ឧទាហរណ៍ ដំឡូងមី និងស្រូវជាច្រើនត្រូវបានដាំដុះនៅទីនេះ ដែលពួកគេដាំ ដុះ បន្ទាប់មកទើបនាំចេញ។ ចំណែកនៅវៀតណាម ឬចិន គេកែច្នៃផលិតផលទាំងនេះ បង្កើតឧស្សាហកម្មផ្សេងទៀតផងដែរ។ លោកមានសុទិដ្ឋិនិយម ពីព្រោះថាឥឡូវនេះ សេដ្ឋកិច្ចបានបើកឡើងវិញ ដែលផ្តល់ឱកាសសម្រាប់អាជីវកម្មដើម្បីព្យាយាម និងរីកចម្រើន»៕

Click here to read about: CGCC Introduces Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses

សាជីវកម្មធានាឥណទានកម្ពុជា បង្ហាញអំពីយន្តការធានាឥណទាន និងអត្ថប្រយោជន៍សម្រាប់ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម

អត្ថបទពីសារព័ត៌មាន Fresh News ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

នៅកម្ពុជា កង្វះទ្រព្យបញ្ចាំ គឺជាបញ្ហាប្រឈមចម្បងរបស់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia – CGCC) ដើម្បីចូលរួមដោះស្រាយបញ្ហានេះ។ វត្តមានរបស់ CGCC នឹងចូលរួមគាំទ្រដល់ការស្នើសុំកម្ចី ដែលគ្មានទ្រព្យបញ្ចាំគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីទាញយកអត្ថប្រយោជន៍ពីយន្តការធានាឥណទាន ទាមទារការចូលរួមពីភាគីពាក់ព័ន្ធ និងការយល់ដឹងអំពីដំណើរការនៃការធានាឥណទានរបស់ CGCC។

CGCC ផ្តល់ការធានាឥណទាន ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកម្ចីដែលផ្តល់ជូនដល់ក្រុមហ៊ុនអាជីវកម្ម។ មានន័យថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទាមទារសំណងពី CGCC ក្នុងករណីកម្ចីដែលមានការធានា ត្រូវបានបាត់បង់។ ជាទូទៅ ការធានាឥណទានលើកម្ចីមាន ២ប្រភេទ៖ ទី១ គឺការធានាលើឯកត្តឥណទាន ដែលការធានាត្រូវបានផ្តល់លើកម្ចីនីមួយៗ និង ទី២ គឺការធានាលើបណ្តុំឥណទាន ដែលការធានាត្រូវបានផ្តល់ជាកញ្ចប់លើឥណទានច្រើនរួមគ្នា។ ដោយសារ CGCC មិនមែនជាស្ថាប័នផ្តល់កម្ចីដោយផ្ទាល់ ដូច្នេះ បច្ចុប្បន្ន CGCC ត្រូវសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូ ដើម្បីផ្តល់កម្ចីដែលមានការធានា ជូនទៅក្រុមហ៊ុនអាជីវកម្ម ដែលស្នើសុំកម្ចី។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងមានដើមទុនគ្រប់គ្រាន់ CGCC ត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ការធានាឥណទានលើកម្ចីរបស់គ្រប់ក្រុមហ៊ុនអាជីវកម្មដែលមានម្ចាស់ជាសញ្ជាតិកម្ពុជា ទូទាំងប្រទេស។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

CGCC Introduces Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses
រូបភាព៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរវាង សាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុចូលរួមជុំទី២ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ជាធម្មតា នៅពេលផ្តល់កម្ចី ធនាគារតែងតែការពារហានិភ័យ តាមរយៈការតម្រូវឱ្យមានទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម។ ករណីក្រុមហ៊ុនអាជីវកម្មមិនអាចសងត្រឡប់បាន ធនាគារនឹងរឹបអូសយកទ្រព្យបញ្ចាំ។ តម្រូវការទ្រព្យបញ្ចាំ កាន់តែមានភាពតឹងតែងជាងមុន នៅពេលផ្តល់កម្ចី ក្នុងអំឡុងពេលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ឧទាហរណ៍ ក្នុងអំឡុងពេលវិបត្តិជម្ងឺកូវីដ-១៩ ព្រោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ហើយធនាគារកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ ករណីមិនមានគោលនយោបាយអន្តរាគមន៍ពីរាជរដ្ឋាភិបាល តម្រូវការ និងការផ្គត់ផ្គង់ឥណទាន នឹងមានគម្លាតកាន់តែធំ។ ជាមួយវត្តមានរបស់ CGCC ធនាគារអាចការពារហានិភ័យ តាមរយៈប្រើប្រាស់យន្តការធានាឥណទានរបស់ CGCC ជំនួសទ្រព្យបញ្ចាំ។ បច្ចុប្បន្ន CGCC ផ្តល់ការធានាឥណទានរហូតដល់ ៨០% នៃប្រាក់ដើម មានន័យថា ករណីកម្ចីដែលមានការធានាត្រូវបានបាត់បង់ ធនាគារអាចបាត់បង់ប្រាក់ដើមត្រឹម ២០%។ ក្នុងន័យនេះ ការធានាឥណទានគាំទ្រធនាគារឱ្យរក្សាភាពប្រកួតប្រជែង ដោយធនាគារអាចបង្កើនការផ្តល់កម្ចីច្រើនជាងមុន និងពង្រីកវិសាលភាពអតិថិជនកាន់តែទូលំទូលាយ ទៅកាន់អតិថិជនដែលខ្វះទ្រព្យបញ្ចាំ ដែលពីមុនធនាគារមិនហ៊ានផ្តល់កម្ចីជូន។

 

អត្ថប្រយោជន៍នៃការធានាឥណទានសម្រាប់ក្រុមហ៊ុនអាជីវកម្ម

CGCC Introduces Credit Guarantee Mechanisms and Benefits for Banks, MFIs and Businesses
រូបភាពទីក្រុងភ្នំពេញ

ការធានាឥណទាន អាចបង្កើនលទ្ធភាពទទួលបានកម្ចីរបស់ក្រុមហ៊ុនអាជីវកម្ម។ CGCC ផ្តល់ការធានាឥណទានដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់ក្រុមហ៊ុនអាជីវកម្ម។ ពិតណាស់ CGCC មិនអាចផ្តល់អត្ថប្រយោជន៍ជូនដល់គ្រប់ក្រុមហ៊ុនអាជីវកម្មទាំងអស់បាននោះទេ។ ចំពោះក្រុមហ៊ុនអាជីវកម្មដែលមានទ្រព្យបញ្ចាំ និងមានលទ្ធភាពសងត្រឡប់គ្រប់គ្រាន់ ការធានាឥណទានអាចមិនមានភាពចាំបាច់សម្រាប់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះទេ ព្រោះធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ផ្តល់កម្ចីដល់ក្រុមហ៊ុនអាជីវកម្មប្រភេទនេះ ដោយមិនចាំបាច់មានការធានាពី CGCC។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើនមានសក្តានុពលអាជីវកម្ម និងលទ្ធភាពសងត្រឡប់ ប៉ុន្តែមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់ ដើម្បីស្នើសុំកម្ចី។ ជាធម្មតា ក្រុមហ៊ុនអាជីវកម្ម មិនអាចដាក់ទ្រព្យបញ្ចាំសម្រាប់រាល់កម្ចីដែលត្រូវការនោះទេ ព្រោះទ្រព្យបញ្ចាំ ជាពិសេស ទ្រព្យបញ្ចាំជាអចលនទ្រព្យ របស់ក្រុមហ៊ុនអាជីវកម្មមានកំណត់។ បញ្ហានេះជាការខាតបង់យ៉ាងធំធេងរបស់ក្រុមហ៊ុនអាជីវកម្ម និងសេដ្ឋកិច្ចទាំងមូល ព្រោះក្រុមហ៊ុនជាច្រើនដែលមានសក្តានុពលទាំងនោះ មិនអាចទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ដើម្បីពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល​ បង្កើនការងារ និងផលិតផលិតផល និងសេវាបន្ថែម ដែលអាចគាំទ្រដល់កំណើនសេដ្ឋកិច្ច ឱ្យអស់ពីលទ្ធភាពបាន។​ នៅពេល CGCC ផ្តល់ការធានាឥណទានដល់ធនាគារ ក្រុមហ៊ុនអាជីវកម្មអាចទទួលបានកម្ចីងាយស្រួលជាមុន និងច្រើនជាងមុន ពីធនាគារ ដោយសារធនាគារអាចទទួលយកហានិភ័យខ្ពស់ជាងមុន ផ្តល់កម្ចីច្រើនជាងមុន ដោយតម្រូវការទ្រព្យបញ្ចាំទាបជាងមុន។

យន្តការធានាឥណទាន ត្រូវបានប្រើប្រាស់ជាឧបករណ៍គោលនយោបាយ ដោយប្រទេសជាច្រើនទូទាំំងពិភពលោក ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យម។ នៅកម្ពុជា​ ជាលើកទី១ ហើយដែលសាជីវកម្មធានាឥណទាន ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាឥណទាន។ យោងឯកសាររបស់ធនាគារពិភពលោក “យន្តការធានាឥណទាន គឺជាឧបករណ៍គោលនយោបាយអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ជាងពាក់កណ្តាល នៃប្រទេសទាំងអស់លើពិភពលោកកំពុងប្រើប្រាស់យន្តការធានាឥណទាន ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។” យ៉ាងណាក៏ដោយ ទន្ទឹមនឹងមានគម្រោងធានាឥណទានជាច្រើនទទួលបានជោគជ័យ ក៏មានគម្រោងធានាឥណទានមួយចំនួនទទួលបរាជ័យផងដែរ។

ដើម្បីទទួលបានជោគជ័យ CGCC ត្រូវបន្តពង្រឹងគណនេយ្យភាព ប្រសិទ្ធភាព តម្លាភាព និងអនុលោមតាមការអនុវត្តជាស្តង់ដា រួមមាន ស្តង់ដារបស់ធនាគារពិភពលោកសម្រាប់គម្រោងធានាឥណទានសាធារណៈ ដើម្បីទទួលបានទំនុកចិត្ត និងការគាំទ្រពីភាគីពាក់ព័ន្ធ។ ក្នុងដំណាក់កាលដំបូងនេះ ក៏ទាមទារឱ្យមានការយល់ច្បាស់អំពីយន្តការធានាឥណទានពីភាគីពាក់ព័ន្ធ និងការចូលរួមសហការក្នុងការប្រើប្រាស់យន្តការធានាឥណទានឱ្យចំទិសដៅ និងមានប្រសិទ្ធភាពពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម៕

ដកស្រង់ពីអត្ថបទដើមនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខទី១ របស់សាជីវកម្មធានាឥណទានកម្ពុជា៖ https://cgcc.com.kh/en/publication/newsletter-issue-01_october-to-december-2021/

ស្ថាប័នហិរញ្ញវត្ថុពីររួមគ្នាគាំទ្រដល់វិស័យ SME ជំរុញកំណើនសេដ្ឋកិច្ច​ក្រោយវិបត្តិកូវីដ១៩

នេះជាព័ត៌មានពីទូរទស្សន៍ BTV ដែលបានរាយការណ៍អំពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា និង ធនាគារកម្ពុជា អាស៊ី Cambodia Asia Bank កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២​

Click here to read about: CGCC recommends ways to Access to Guaranteed Loans

ធនាគារ កម្ពុជា អាស៊ី សហការជាមួយសាជីវកម្មធានាឥណទានកម្ពុជាផ្តល់ការធានាដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យតម្កល់

នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ធនាគារ កម្ពុជា អាស៊ី បានចុះកិច្ចព្រមព្រៀងជាផ្លូវការ ជាមួយសាជីវកម្មធានាឥណទានកម្ពុជា នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ពីស្ថាប័នទាំងពីរនេះផងដែរ។

ថ្លែងក្នុងពិធីនោះ លោក Mitra Dwaipayan បានគូសបញ្ជាក់ថា៖ “ធនាគារ កម្ពុជា អាស៊ី រីករាយ ស្វាគមន៏រាល់កិច្ចសហការទាំងឡាយណា ដែលផ្តល់គុណប្រយោជន៏ដល់គ្រប់ភាគីចូលរួមទាំងអស់។ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់អាជីវកម្មអាចស្នើកម្ចីពីធនាគារ កម្ពុជា អាស៊ី សម្រាប់ពង្រីកនិងទ្រទ្រង់អាជីវកម្មបានយ៉ាងងាយស្រួល បើទោះបីជាពួកគេមិនមានទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ ចំណែកឯធនាគារវិញ ក៏កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម។ លក្ខខណ្ឌដ៏ប្រសើរនេះមិនអាចកើតឡើងបានឡើយ បើគ្មានគម្រោងផ្តួចផ្តើមពីសាជីវកម្មធានាឥណទានកម្ពុជា។”

លោកបានបន្ថែមថា៖ “ប្រមាណជិត៣០ឆ្នាំនេះ ធនាគារ កម្ពុជា អាស៊ី បានរួមចំណែកយ៉ាងច្រើន ដល់ វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវសេវាធនាគារពាណិជ្ជ ដែលគិតគូរពីអត្ថប្រយោជន៏ និងឆ្លើយតបទៅនឹងតម្រូវការជូនអតិថិជនទាន់ពេលវេលា។ ធនាគារយើងខ្ញុំក៏តែងតែគិតគូរនិងគាំទ្រដល់ វិស័យអាទិភាព ដែលជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហការរវាងធនាគារ កម្ពុជា អាស៊ី និងសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយឱ្យអាជីវកម្ម និង វិស័យធនាគារហិរញ្ញវត្ថុនៅកម្ពុជាកាន់តែអភិវឌ្ឍន៏បន្ថែមទៀត។”

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក Wong Keet Long បានមានប្រសាសន៏ថា៖ “ភាពជាដៃគូរវាង CGCC និង CAB នេះ នឹងធ្វើឱ្យ CAB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២២ របស់យើងក្នុងការផ្តល់ កម្ចីដែលមានការធានាដល់ម្ចាស់អាជីវកម្ម។ ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន កំពុងតែចាប់ផ្តើមយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទានដល់ស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងការផ្តល់កម្ចីកាន់តែច្រើននិងទូលំទូលាយជាងមុនដល់អតិថិជន បើទោះបីជាទ្រព្យបញ្ចាំរបស់ពួកគាត់មានកំណត់ក៏ដោយ។”

លោកបានបន្ថែមថា៖ “ជាមួយនឹងការចូលរួមក្នុងគម្រោងធានាឥណទានពីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើននេះ CGCC ពិតជាសង្ឃឹមថា ម្ចាស់អាជីវកម្មកាន់តែច្រើននៅទូទាំងប្រទេសនឹងអាចទទួលបាន ហិរញ្ញប្បទានផ្លូវការកាន់តែច្រើន ហើយក៏កាន់តែបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជំរុញដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។”

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធុនធំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់ ត្រឡប់មកវិញ ប៉ុន្តែខ្វះទ្រព្យតម្កល់នៅពេលស្នើកម្ចី ដែលឥឡូវនេះពួកគាត់ អាចធ្វើការស្នើកម្ចី សម្រាប់ពង្រីក និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានពីធនាគារ កម្ពុជា អាស៊ី យ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

អំពីធនាគារ កម្ពុជា អាស៊ី

ធនាគារ កម្ពុជា អាស៊ី ហៅកាត់ថា CAB ជាធនាគារពាណិជ្ជ និងបានបើកប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូនអតិថិជន និងដៃគូជំនួញ នូវផលិតផល និង សេវាកម្មសម្បូរបែបដូចជា៖ ឥណទាន ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ព្រមទាំងកាតសម្រាប់ទូទាត់ជាសកល Visa, MasterCard, និង UnionPay ជាដើម។

អំពីសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.)

ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុប២៣៧ ក្នុងទំហំទឹកប្រាក់ជាង២៥លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។

ប្រភព៖ ក្រសួងព័ត៌មាន ចុះផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២

Click here to read about: Co-Financing Guarantee Scheme to support Tourism Recovery

អាកាសយានដ្ឋានអន្តរជាតិតេជោ លក់មូលបត្របំណុលតម្លៃ១២លានដុល្លារបន្ថែមទៀត

ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ទើបលក់មូលបត្របំណុលតម្លៃ១២លានដុល្លារថែមទៀត ក្នុងនោះ ៨,០០០លានរៀល ស្មើនឹង២លានដុល្លារ ជូនសាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង១០លានដុល្លារ ជូនធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ សាជីវកម្មធានាឥណទានកម្ពុជា បានសម្រេចវិនិយោគ ៨,០០០លានរៀល លើការទិញមូលបត្របំណុល ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) តំណាងដោយលោក Wong Keet Loong ជាអគ្គនាយក។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិក ក្រុមប្រឹក្សាភិបាលរបស់ CGCC។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០% ដែលបានចំណាយទឹកប្រាក់សរុប៣៩០លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះ គឺ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC។

លោក Wong Keet Loong អគ្គនាយក CGCC មានឲ្យដឹងថា «ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយ នៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់ CGCC ទៅលើសញ្ញាបណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ»

លោកថា «ពួកយើងពិតជាមានក្តីសោមនស្ស នៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយ ក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា»

ជាមួយគ្នានេះ កាលពីម្សិលមិញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ក៏វិនិយោគ១០លានដុល្លារ លើមូលបត្របំណុល របស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

សម្តេចតេជោបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕

ប្រភពអត្ថបទ៖ Fresh News ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២