សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់ ៤៤៨ ក្រុមហ៊ុនអាជីវកម្ម គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ ដែលគិតជាទឹកប្រាក់ ៤៥,៥ លានដុល្លារក្នុងនោះអាជីវកម្មខ្នាតតូច និងមធ្យម (SME) មានចំនួន ៤៣១ ក្រុមហ៊ុន។ នេះបើតាមព្រឹត្តិបត្ររបស់សាជីវកម្មធានាឥណទានកម្ពុជា។
ទិន្នន័យបង្ហាញថា ឥណទានដែលត្រូវធានាដោយ CGCC មាន ៤៤៨ ក្រុមហ៊ុនអាជីវកម្មដែលស្មើនឹងទឹកប្រាក់សរុប ៤៥,៥ លានដុល្លារក្នុងនោះប្រភេទអាជីវកម្មខ្នាតតូច និងមធ្យមមានចំនួន ៤៣១ និងខ្នាតធំ ១៧។ ដោយឡែកក្នុងចំណោម ៤៤៨ ក្រុមហ៊ុនអាជីវកម្មគឺមានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រី ១៣៨ ។
សេវាធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ CGCC ផ្តល់ការធានាឥណទានលើកម្ចីបញ្ចេញដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (PFIs) របស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី ក្រោមគម្រោងធានាឥណទានដែលបានដាក់ចេញដោយ CGCC។
លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជាបានលើកឡើងថា៖ «ការបង្រួមគម្លាតតម្រូវការ និងការផ្គត់ផ្គង់ឥណទានដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច គឺដើម្បីចែករំលែកហានិភ័យជាមួយនឹងស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ»។
លោកលើកឡើងថា ដើម្បីចាប់យកអត្ថប្រយោជន៍ពីការធានាឥណទាន ក្រុមហ៊ុនអាជីវកម្មត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីស្នើសុំទៅ PFIs ជាមុន។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៥ ខែមិថុនាថា ការផ្តល់ និងការទទួលបាននូវឥណទានមួយដែលមានការធានាត្រឹមត្រូវតាមផ្លូវច្បាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងសេដ្ឋកិច្ចឱ្យមានដំណើរការទៅមុខដោយរលូន ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិបណ្តាលមកពីជំងឺកូវីដ ១៩។
លោកបន្តថា នៅពេលវិស័យហិរញ្ញវត្ថុមានស្ថិរភាពល្អ ការបញ្ចេញទុនវិនិយោគ និងការបង្កើតឱកាសការងារថ្មីៗក៏មានច្រើនដែរ។ ម្យ៉ាងទៀតនៅពេលសហគ្រាសធុនតូច និងមធ្យម មានទុនគ្រប់គ្រាន់វាក៏ជួយឱ្យដំណើរការផលិតកម្មមានកាន់តែច្រើន និងជួយកាត់បន្ថយការនាំចូលពីបរទេស និងបង្កើនការនាំចេញផងដែរ។
លោកថ្លែងថា៖ «ការផ្តល់ការធានាឥណទានបានជួយទាំងស្ថាប័នផ្តល់កម្ចី និងអ្នកទទួលកម្ចី (ម្ចាស់អាជីវកម្ម) ឱ្យមានទំនុកចិត្តរៀងៗខ្លួន ព្រោះមុននឹងហ៊ានធានា CGCC តែងតែមានលក្ខខណ្ឌ និងធ្វើការសិក្សាទៅលើប្រភេទអាជីវកម្ម ឬផលរបររបស់អ្នកស្នើឱ្យបានច្បាស់ជាមុនសិន»។
កាលពីខែកញ្ញា ឆ្នាំ ២០២១ សាជីវកម្មធានាឥណទានកម្ពុជាបានដាក់ឱ្យដំណើរការ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កម្ចីដែលបញ្ចេញក្រោម គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុន-តូច និងមធ្យមកម្ពុជា៕
អត្ថបទដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២
Click here to read about: CGCC recommends ways to Access to Guaranteed Loans